ហេតុអ្វីបានជាចាំបាច់ត្រូវមានរដ្ឋធម្មនុញ្ញ? (Why Do We Need a Constitution?)


បើ​​ក្រឡេក​មើល​មួយ​ភ្លែត សំណួរ​ខាង​លើ​នេះ​ជា​សំណួរ​​ដ៏​សាមញ្ញ​បំផុត។ បទពិសោធ​បាន​​បង្ហាញ​ថា ពលរដ្ឋ​តូចតាច​ក្រីក្រ​លំបាក​​​ជា​អ្នក​​ដែល​តែង​ត្រូវការ​​ការ​ការពារ​ពី​​រដ្ឋធម្មនុញ្ញ​ច្រើន​ជាង​គេ ព្រោះ​ពួកគេ​ដឹង​ថា រដ្ឋធម្មនុញ្ញ​មាន​មុខងារ​ពីរ​សំខាន់ ទី​មួយ គឺ​ផ្តល់​​អំណាច​​​ដល់​ស្ថាប័ន​​កំពូល​នានា​របស់​​រដ្ឋ និង​ទីពីរ គឺ​​ទទួល​ស្គាល់​ការពារ​​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​មួយ​ចំនួន​​របស់​មនុស្ស។
 

រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​អំពី​គោលការណ៍​ធំៗ ដើម្បី​គ្រប់គ្រង​សង្គម​តាម​របប​សេរី ពោល​គឺ ធ្វើ​យ៉ាង​ណា​ធានា​មិន​ឲ្យ​​រដ្ឋ​ធ្វើការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​​ដែល​មាន​​តំាងពី​សម័យ​សង្គម​បែប​ធម្មជាតិ (State of nature) មុន​ការ​កកើតឡើង​នៃ​​រដ្ឋ​បែប​សម័យ​ទំនើប​ទៅ​ទៀត​។ ក្នុង​ន័យ​​នេះ ពេល​ណា​រដ្ឋ​ដកហូត​សេរីភាព​ជា​មូលដ្ឋាន វា​អាច​​ធ្វើឲ្យ​​រង្គោះរង្គើ​គ្រឹះ​នៃ​កិច្ចសន្យា​សង្គម​​រវាង​រដ្ឋ​ និង​រាស្ត្រ។ ដូចនេះ​យើង​អាច​និយាយ​បាន​ថា រដ្ឋធម្មនុញ្ញ គឺជា​មធ្យោបាយ​ដើម្បី​​ធានា ការពារ​សេរីភាព​បុគ្គល​នៅក្នុង​សង្គម​ពោរពេញ​​ទៅ​ដោយ​ភាព​មិន​ទៀងទាត់។

ច្បាប់​ពុំ​អាច​ធ្វើការ​ធានា​​បាន​ល្អ​បែប​​នេះ​ទេ មាន​​តែ​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​ទើប​​អាច​ផ្តល់​ការ​ធានា​​បែប​នេះ​បាន​។ ព្រោះ​ហេតុអ្វី? តើ​រដ្ឋធម្មនុញ្ញ​មាន​លក្ខណៈពិសេស​អ្វី​ទៅ?

លក្ខណៈពិសេស​ទី​មួយ ស្ថិតនៅ​ត្រង់​ថា គេ​ពិបាក​ធ្វើការ​​កែប្រែ​រដ្ឋធម្មនុញ្ញ​ណាស់។ ជាក់ស្តែង នៅ​កម្ពុជា​បច្ចុប្បន្ន ការ​កែប្រែ​មាត្រា​ណា​មួយ​នៃ​រដ្ឋធម្មនុញ្ញ​ទាមទារ​មតិ​គំាទ្រ​ភាគច្រើន ពីរ ភាគ​បី យ៉ាង​តិច​នៃ​សមាជិក​រដ្ឋសភា​ទំាង​មូល​។ មូលហេតុ​ដែល​​ធ្វើឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​កែប្រែ​នេះ គឺ​ដោយសារ​រដ្ឋធម្មនុញ្ញ​ឱបក្រសោប​លើក​តម្កើង​នូវ​គុណតម្លៃ​ដ៏​មាន​អត្ថន័យ​​ដ៏​ជ្រាលជ្រៅ​បំផុត​ជា​គុណតម្លៃ​ជា​មូលដ្ឋាន​ដែល​សង្គម​បែប​សេរី​ត្រូវការ​ខាន​មិន​បាន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត​។ ហេតុ​ដូច្នោះ​ពេល​រដ្ឋធម្មនុញ្ញ​ ១៩៩៣ ទទួល​ស្គាល់​សេរីភាព​ខាង​ការ​ប្រជុំ​យើង​ដឹង​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​ក៏​មុខ​តែ​ត្រូវការ​​លើក​តម្កើង​សេរីភាព​​នេះ​​ដែរ។ គ្មាន​របប​សេរី​ណា​ព្រម​លះបង់​សេរីភាព​ខាង​ការ​ប្រជុំ​ឡើយ។ ហេតុ​ដូចនេះ​ការ​បញ្ចូល​​សេរីភាព​នេះ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ពិបាក​កែប្រែ​គឺ​ដើម្បី​ធានា​យ៉ាង​ឱឡារិក​ថា​ពុំ​មាន​​ច្បាប់​​ណា​អាច​រំលោភ​បំពាន​​លើ​សេរីភាព​នេះ​បាន​ឡើយ​។ ដើម្បី​សម្រេច​គោលដៅ​នេះ​រដ្ឋធម្មនុញ្ញ​ត្រូវ​តែ​ជា​អត្ថបទ​​ដ៏រឹងមំា​ដើម្បី​ប្រឈម​តតំាង​នឹង​ច្បាប់​មិន​ល្អ។ ហេតុ​ដូច្នោះ​ហើយ ទើប​ច្បាប់​ណា​ដែល​​មិន​ស្រប​​នឹង​រដ្ឋធម្មនុញ្ញ​ត្រូវ​លុប​ចោល​​មិន​​អាច​យក​ទៅ​អនុវត្ត​​បាន​ទេ។

លក្ខណៈពិសេស​ទី​ពីរ៖ ស្ថិត​នៅ​ត្រង់​ថា រាល់​បញ្ហា​សំខាន់ៗ​របស់​ជាតិ​ត្រូវ​បាន​ចារឹក​ទុក​ក្នុង​អត្ថបទ​តែ​មួយ​ខ្លី​ល្មម ងាយ​អាន​។​ ទោះ​ជា​ពេល​ខ្លះ រដ្ឋធម្មនុញ្ញ​ចែង​​ថា បញ្ហា​ណា​មួយ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់​ដោយ​ឡែក​ក៏​ប្រជាពលរដ្ឋ​នៅ​មាន​ជំនឿ​ថា ច្បាប់​នោះ ពុំ​អាច​ងាករេ​ចេញ​ពី​មាគ៌ា​ដែល​រដ្ឋធម្មនុញ្ញ​បាន​ត្រួសត្រាយ​ឲ្យ​ឡើយ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​តួនាទី​ឃ្លាំមើល និង​អនុវត្ត​តាម​មាគ៌ា​នោះ។ ជាក់ស្តែង​នៅ​ឆ្នាំ ១៩៩៩ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចេញ​​សេចក្តី​សម្រេច​លុប​ចោល​​មាត្រា​ច្បាប់​ដែល​ក្រសួង​កិច្ចការ​នារី ចង់​ឲ្យ​រដ្ឋមន្ត្រី​ត្រូវ​តែ​ជា​ស្រ្តី។ សេចក្តី​សម្រេច​លុប​ចោល​នេះ គឺ​ក្នុង​គោលដៅ​អនុវត្ត​អត្ថន័យ​នៃ​មាគ៌ា​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​រវាង​បុរស និង​នារី​នេះ​ឯង។

ក្រៅពី​ដើរ​តួនាទី​ជា​អ្នក​ធានា​ការពារ​សេរីភាព​​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​តួនាទី​ជា​អ្នក​ត្រួសត្រាយ​ចង្អុល​ផ្លូវ​ឲ្យ​រដ្ឋ​ដើរ​តាម​នេះ រដ្ឋធម្មនុញ្ញ​នៅ​មាន​ចរិត​លក្ខណ​ពិសេស​ម្យ៉ាង​ទៀត​ដោយ​ដើរ​តួជា​អ្នក​ថែរក្សា​ព្រលឹង​ជាតិ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ តាមរយៈ​វិធីសាស្ត្រ​នៃ​ការ​បកស្រាយ​គេ​ដឹង​ថា អត្ថន័យ​នៃ​បញ្ញត្តិ​របស់​រដ្ឋធម្មនុញ្ញ​អាច​វិវត្ត​ទៅ​តាម​ការ​វិវត្ត​ល្អ​របស់​សង្គម​។ ឧទាហរណ៍ ករណី​រដ្ឋធម្មនុញ្ញ​​សហរដ្ឋ​អាមេរិក វិសោធនកម្ម​ទី ១៤ ឆ្នាំ​ ១៨៦៨ មាន​គោលដៅ​ធានា​សមភាព​ចំពោះ​មុខ​ច្បាប់​សម្រាប់​ពលរដ្ឋ​សញ្ជាតិ​អាមេរិក​គ្រប់​រូប ប៉ុន្តែ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើការ​បកស្រាយ​ឃ្លា​នេះ​ម្តង​ហើយ​ម្តង​ទៀត​អស់​រយៈកាល​ជិត​មួយ​សតវត្សរ៍ ទើប​ទី​បំផុត​បាន​សម្រេច​ក្នុង​រឿង​ក្តី​ដ៏ល្បី Brown Vs. Board of Education ឆ្នាំ ១៩៥៤ ថា សមភាព​ចំពោះ​មុខ​ច្បាប់​មាន​ន័យ​ថា​គ្មាន​ការ​រើសអើង​ទាល់តែ​សោះ​រវាង​ជាតិសាសន៍ ជាពិសេស​រវាង​ស្បែក​ស និង ស្បែក​ខ្មៅ។

ដោយសារ​តែ​ជោគវាសនា​រដ្ឋធម្មនុញ្ញ​មិន​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​សភា ការ​បកស្រាយ​ទាន់​ពេលវេលា​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​អាច​ការពារ​ជីវិត​របស់​ខ្លួន ការពារ​ព្រលឹង​ជាតិ​​តាម​កាលៈទេសៈ​បាន​។ ច្បាប់ ដែល​សភា​អាច​អនុម័ត​បាន​យ៉ាង​ងាយ ពុំ​មាន​សមត្ថភាព​ពិសេស​បែប​នេះ​ទេ​។ នៅពេល​ដែល​ស្ថាប័ន​ណា​មួយ​ពុំ​ទាន់​បាន​អនុវត្ត​តាម​កាតព្វកិច្ច​ដែល​​រដ្ឋធម្មនុញ្ញ​បាន​ដាក់​ឲ្យ​ទេ​នោះ ប្រជាពលរដ្ឋ​អាច​មាន​​សិទ្ធិ​ជំរុញ​ឲ្យ​​ស្ថាប័ន​នោះ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​។ ជា​ឧទាហរណ៍​ក្នុង​ក្តីស្រមៃ​មួយ​​បើ​ថ្ងៃ​ណា​មួយ មាន​កុមារី​ដ៏ក្រខ្សត់​ម្នាក់ មកពី​ខេត្ត​ដ៏​សែន​ឆ្ងាយ ដើរ​ជើង​ទទេ​មក​សួរ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា ហេតុ​អ្វី​ក៏​ភូមិ​ឃុំ​របស់​ខ្លួន​នៅ​ពុំ​ទាន់​មាន​សាលា​អនុវិទ្យាល័យ​សម្រាប់​ឲ្យ​ខ្លួន​ទៅ​រៀន​បាន​នោះ កុមារី​រូប​នោះ​កំពុង​​តែ​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ឲ្យ​​អនុវត្ត​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​យ៉ាង​តិច ៩ ឆ្នាំ​របស់​ខ្លួន​ដែល​ជា​សិទ្ធិ​ជា​មូលដ្ឋាន​មាន​ចែង​នៅ​ក្នុង​មាត្រា ៦៨ នៃ​រដ្ឋធម្មនុញ្ញ​។

ដូចនេះ​ចម្លើយ​ទៅ​នឹង​សំណួរ ហេតុអ្វី​ចំាបាច់​ត្រូវ​មាន​រដ្ឋធម្មនុញ្ញ?​ គឺ​ត្រូវ​បាន​លាតត្រដាង​យ៉ាង​ច្បាស់​នៅពេល​យើង​ចាប់​ផ្តើម​អនុវត្ត​តាម​បញ្ញត្តិ​របស់​រដ្ឋធម្មនុញ្ញ​។ ហេតុ​ដូច្នោះ​​ពលរដ្ឋ​គ្រប់​រូប​គួរ​ចាប់ផ្តើម​អាន​អត្ថបទ​រដ្ឋធម្មនុញ្ញ​ពិសេស​ត្រង់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​អនុវត្ត​តាម​បញ្ញត្តិ​ទំាងនោះ​ឲ្យ​ខ្ជាប់ខ្ជួន​ព្រោះ​ថា ការ​ធ្វើ​របៀប​នេះ​នឹង​ធ្វើឲ្យ​យើង​រកឃើញ​នូវ​សមត្ថភាព​​ដ៏ពេញ​បរិបូណ៌​របស់​យើង​គ្រប់​គ្នា​៕

 

ដោយ៖ Dr. Virak Prum, LLB, LLM, PhD.
ហេតុអ្វីបានជាចាំបាច់ត្រូវមានរដ្ឋធម្មនុញ្ញ? (Why Do We Need a Constitution?) ហេតុអ្វីបានជាចាំបាច់ត្រូវមានរដ្ឋធម្មនុញ្ញ? (Why Do We Need a Constitution?) Reviewed by Collective Information on 6:14 AM Rating: 5

No comments:

Powered by Blogger.