ច្បាប់ និង ប្រព័ន្ធតុលាការ (Legal and Judicial System)
សេចក្តីផ្តើម
បើទោះជាមានរដ្ឋធម្មនុញ្ញសរសេរជាង ២០ឆ្នាំមកកន្លងមកហើយ ក៏នីតិរដ្ឋនៅប្រទេសកម្ពុជា នៅតែក្មេងខ្ចីនៅឡើយ ហើយនៅតែបន្តប្រែប្រួលទ្រង់ទ្រាយ ដោយកត្តានិងភ្នាក់ងារខាងក្នុងនិងក្រៅជាច្រើន។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូល និងកំណត់ការរៀបចំគ្រប់គ្រងរដ្ឋាភិបាល និងស្ថាប័នរបស់ប្រទេសនេះ។ ច្បាប់ និងបទបញ្ជាទាំងឡាយ កើតចេញមកពីរដ្ឋធម្មនុញ្ញ និងត្រូវស្របនឹងរដ្ឋធម្មនុញ្ញ។ បញ្ហាជាច្រើនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ រួមបញ្ចូលទាំង អធិបតេយ្យភាព តួនាទី និងឋានៈរបស់ ព្រះមហាក្សត្រ សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដំណើរការរបស់ រដ្ឋសភា ព្រឹទ្ធសភា សមាជ និង រដ្ឋាភិបាល ព្រមទាំងដំណើរការនៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ និង រដ្ឋបាល របស់រដ្ឋ។
ច្បាប់ និងក្រឹត្យទាំងឡាយ
មានឋានានុក្រម ហើយត្រូវស្របទៅនឹងអត្ថបទដែលមានឋានានុក្រមខ្ពស់ជាង។
- រដ្ឋធម្មនុញ្ញ: ច្បាប់កំពូល។
- សន្ធិសញ្ញាអន្តរជាតិ: បន្ទាប់ពីទទួលបានសច្ចានុម័ត សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ នឹងមានអានុភាពដូចជាច្បាប់ក្នុងស្រុកដែរ និងក្លាយជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចរបស់តុលាការ។
- ច្បាប់: ច្បាប់ ដែលត្រូវបានព្រាងដោយគណៈរដ្ឋមន្ត្រី ឬស្នើដោយរដ្ឋសភា នឹងត្រូវអនុម័តយល់ព្រមដោយរដ្ឋសភា និងព្រឹទ្ធសភា មុននឹងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ។
- ព្រះរាជក្រឹត្យ: ក្រឹត្យដែលចេញដោយ ឬក្នុងព្រះនាមព្រះមហាក្សត្រ។
- អនុក្រឹត្យ: ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី បន្ទាប់ពីអនុម័តយល់ព្រមដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
- ប្រកាស: ចេញដោយរដ្ឋមន្ត្រី ដែលជាប្រធានសមីក្រសួង និងជាសមាជិកនៃរាជរដ្ឋាភិបាល។
- សារាចរ: ចេញដោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដើម្បីពន្យល់ ឬបញ្ជាក់បន្ថែមលើវិធានការ ឬផ្តល់ការណែនាំ។
- ដីកា: ចេញដោយអភិបាល។
១. ក្រុមប្រឹក្សាធម្មនុញ្ញ
ខណៈដែលរដ្ឋធម្មនុញមានឋានានុក្រមខ្ពស់ជាងច្បាប់ទាំងឡាយនៅប្រទេសកម្ពុជា
ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
សម្រេចសេចក្តីលើសំណួរទាំងឡាយ ដែលពាក់ព័ន្ធនឹងធម្មនុញ្ញភាពរបស់ច្បាប់ជាធរមាន
សេចក្តីព្រាង/សេចក្តីស្នើច្បាប់ និងកិច្ចរដ្ឋបាល។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចចុងក្រោយ
និងបិទផ្លូវតវ៉ា ប៉ុន្តែស្ថាប័ននេះ មិនអាចផ្តួចផ្តើមកិច្ចការពិនិត្យធម្មនុញ្ញភាពនេះ
ដោយឯកឯងបានទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិកចំនួន ៩រូប
ដែលតែងតាំងដោយ ព្រះមហាក្សត្រ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
សម្រាប់អាណត្តិ ៩ឆ្នាំ។ ក្រុមប្រឹក្សា មិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយខ្លួនឯងបានទេ
ប៉ុន្តែអាចផ្តល់យោបល់រដ្ឋសភាឱ្យធ្វើវិសោធនកម្មបាន។
២. ដំណើរការធ្វើច្បាប់
រដ្ឋសភា
និងព្រឹទ្ធសភាមានអំណាចនីតិប្បញ្ញត្តិ មានន័យថា ជាស្ថាប័នធ្វើច្បាប់។ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រី មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់។ ដំណើរការធ្វើច្បាប់ ជាទូទៅ
មានរយៈពេលពីពីរទៅបីខែ។ ក្នុងករណីប្រញាប់
ច្បាប់អាចនឹងត្រូវបានអនុម័តតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ច្បាប់ ត្រូវអនុម័តយល់ព្រមដោយសំឡេងភាគច្រើនដាច់ខាត (៥០ភាគរយ បូកនឹង១)
នៃសមាជិករដ្ឋសភាទាំងមូល។ ព្រឹទ្ធសភា ដែលពីដើមឡើយមិនស្ថិតនៅក្នុងរដ្ឋធម្មនុញ្ញ
ត្រូវបានបង្កើតឡើង តាមយៈវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៩។
ករណីជាច្រើន
បានកើតឡើង ដែលក្នុងនោះ ឋានានុក្រមរបស់ច្បាប់មិនបានគោរព។ ឧទាហរណ៍
ព្រះរាជក្រឹត្យ លេខ០៨០៦/៣៣៩ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៦
អនុញ្ញាតឱ្យមានការធ្វើចំណាត់ថ្នាក់ដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ
(ដែលអាចអនុញ្ញាតឱ្យសម្បទានដីសេដ្ឋកិច្ច អាចធ្វើនៅលើដីសាធារណៈរបស់រដ្ឋ) ដែលទំនងជារំលោភលើបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ
និងច្បាប់ភូមិបាលឆ្នាំ២០០១ ដែលមានឋានានុក្រមខ្ពស់ជាងនៅក្នុងប្រព័ន្ធច្បាប់ខ្មែរ។
៣. ប្រព័ន្ធតុលាការ និងតុលាការ
ប្រព័ន្ធតុលាការកម្ពុជា
មានសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។ តាមមាត្រា១២៨ នៃរដ្ឋធម្ម នុញ្ញ អំណាចតុលាការជាអំណាចឯករាជ្យ
ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
រដ្ឋធម្មនុញ្ញប្បញ្ញត្តិទុកអោយការប្រព្រឹត្តទៅនៃអំណាចតុលាការកំណត់នៅក្នុងច្បាប់ដោយឡែក។
មានតែចៅក្រមប៉ុណ្ណោះដែលមានសិទ្ធិជម្រះក្ដី។
ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់
និងអោយអស់ពីចិត្ត និងសតិសម្បជញ្ញៈរបស់ខ្លួន។ សិទ្ធិក្នុងការទទួលបានសវនាការត្រឹមត្រូវ និងយុត្តិធម៌
មានប្បញ្ញត្តិនៅក្នុងច្បាប់ និងវិធាននីតិវិធីជាច្រើន។ សច្ចធារណ៍និរទោស
បន្ទុកភស្តុតាង និងវិធានគ្រប់គ្រងការទទួលយក និងការច្រានចោលភ័ស្តុតាង
តួយ៉ាងដូចជាការផ្តល់សក្ខីកម្មដោយបង្ខំ មានកំណត់នៅក្នុងក្រម។
ខណៈដែលតំណាងស្របច្បាប់ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
ប្រព័ន្ធជំនួយផ្នែកច្បាប់របស់ប្រទេសកម្ពុជា
ទទួលការរិះគន់ដោយកង្វះខាតមូលនិធិឧបត្ថម្ភ និង
ភាពមិនមានប្រសិទ្ធិភាព។ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០១៣
បើទោះជាមានមេធាវីជំនួយផ្នែកច្បាប់សរុបចំនួន ៧៤រូប មកពីរាជរដ្ឋាភិបាល
និងអង្គការមិនមែនរដ្ឋាភិបាល ខេត្តចំនួនប្រាំពីរនៅក្នុង ប្រទេសនេះ
មិនមានមេធាវីជំនួយផ្នែកច្បាប់ទេ។ ក្រសួងយុត្តិធម៌
ទទួលខុសត្រូវលើ “ការការពារឯករាជ្យរបស់តុលាការ” ជាមួយនឹងរឿងក្តីរដ្ឋប្បវេណី
ព្រហ្មទណ្ឌ និងការលើកលែងទោសជាទូទៅ ការចោទប្រកាន់ជនល្មើស
និងកិច្ចការអន្តរជាតិ។ នៅខែវិច្ឆិកា
ឆ្នាំ២០១៤
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកលើកិច្ចការឯករាជ្យភាពរបស់ចៅក្រម
និងមេធាវី បានជម្រុញឱ្យព្រះមហាក្សត្របញ្ឈប់ច្បាប់ទាំងឡាយណា
ដែលទំនងជាបង្កើនឥទ្ធិពលអំណាចនីតិប្រតិបត្តិទៅលើតុលាការ
តាមរយៈក្រសួងយុត្តិធម៌។ នៅខែកញ្ញា ឆ្នាំ២០១៥ សមាគមមេធាវីអន្តរជាតិ
បានចេញរបាយការណ៍មួយប្រកាសពីប្រព័ន្ធយុត្តិធម៌ពុករលួយនៅគ្រប់កំរិត
ហើយជាពិសេសក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច។ ក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា
បានទទួលស្គាល់ថា អំពើពុករលួយ គឺជាបញ្ហា ប៉ុន្តែអះអាងថា ស្ថានភាពនេះ
មិនអាក្រក់ដូចដែលសមាគមមេធាវីអន្តរជាតិ បានរាយការណ៍នោះទេ
ព្រមទាំងបានលើកជាយោបល់ថា របាយការណ៍នេះ “មិនបានឆ្លុះបញ្ចាំងឱ្យពេញលេញពីការពិតនៃវឌ្ឍនភាពកំណែទម្រង់ប្រព័ន្ធតុលាការ” ទេ។
សម្រាប់ឆ្នាំ២០១៥នេះ
សន្ទស្សន៍នីតិរដ្ឋចេញដោយគម្រោងយុត្តិធម៌ពិភពលោក
បានចាត់ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជា នៅលេខរៀងទី៩៩
ក្នុងបណ្តាប្រទេស១០២នៅទូទាំងពិភពលោក និងក្នុងចំណាត់ថ្នាកទី ១៥
នៃបណ្តាប្រទេសអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក។
ពិន្ទុទាបបំផុតរបស់ប្រទេសកម្ពុជានៅក្នុងតារាងសន្ទស្សន៍
គឺដោយសារការប្រើឥទ្ធិពលមិនសមរម្យរបស់រដ្ឋាភិបាល
ទៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ខណៈពិន្ទុខ្ពស់បំផុត គឺសម្រាប់អវត្តមាននៃជម្លោះស៊ីវិល។
៤. ប្រព័ន្ធពន្ធនាគារ
ពន្ធនាគារជាតិនិងខេត្តចំនួន ២៨
នៅទូទាំងប្រទេសកម្ពុជា
ត្រូវគ្រប់គ្រងដោយនាយកដ្ឋាពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ស្ថានភាពចង្អៀតណែនតាន់តាប់នៅក្នុងពន្ធនាគារ បានក្លាយជាសេចក្តីព្រួយបារម្ភ
ជាយូរមកហើយ ទាំងសម្រាប់រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល។ នៅខែ
កក្កដា ឆ្នាំ២០១៥ អ្នកជាប់ពន្ធនាគារជាង ១៦,៨០០នាក់
រាប់បញ្ចូលទាំងអនីតិជន ជាង៥៦០នាក់ និងមនុស្សប្រមាណជាង ៦,០០០នាក់ មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយ។ នៅឆ្នាំ២០១៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
បានធ្វើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន
ដើម្បីឱ្យក្មេងៗទាំងនោះ ទទួលបានការស្តារនីតិសម្បទា
ក្នុងអំឡុងពេលជាប់ពន្ធនាគារ។
ឯកសារយោង
- ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា. “រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,” មាត្រា១៥០. www.senate.gov.kh/home/index.php?option=com_content&view=article&id=62&Itemid=150&lang=en ។
- ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា. “អ្វីទៅ គឺជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ?” ចូលអាននៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៥. www.ccc.gov.kh/whatisccc_en.php ។
- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៩០ និង មាត្រា៩៩។
- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៩១ វាក្យខណ្ឌ១។
- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៩០ ។
- ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០០៧. “សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា៖ ទស្សនៈវិស័យ សិទ្ធិមនុស្ស.” ចូលអាននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥ http://cambodia.ohchr.org/WebDOCs/DocReports/2-Thematic-Reports/Thematic_CMB12062007E.pdf។
- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា៥៨ វាក្យខណ្ឌ២។ ច្បាប់ភូមិបាល ឆ្នាំ២០០១, មាត្រា១៦ វាក្យខណ្ឌ៤។
- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, មាត្រា១២៩។
- ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស. ឆ្នាំ២០១៣. “ចំនួន និងទីតាំងនៃមេធាវីជំនួយផ្នែកច្បាប់ នៅកម្ពុជា.” ចូលអាននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥. http://cambodia.ohchr.org/WebDOCs/DocProgrammes/Number_and_location_of_legal_aid_lawyers_in_Cambodia.pdf។
- រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា. “អនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងយុត្តិធម៌.” ចូលអាននៅថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០១៥ www.pic.org.kh/fileadmin/user_upload/Files/Library_Resources/CLRDA_Legal_Database_PDF/Part_4_-_Executive_Branch/ANK-19-00_Org_and_Fun_of_MoJ_Eng.pdf។
- ហ៊ុល រស្មី និង ឡូរ៉ែន ក្រូឌឺ. “អ្នកជំនាញរបស់អង្គការសហប្រជាជាតិស្នើព្រះមហាក្សត្រឱ្យបញ្ឈប់បណ្តាច្បាប់ក្នុងវិស័យតុលាការ.” ឌឹ ខេមបូឌា ដេលី. ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៥. www.cambodiadaily.com/archives/un-expert-calls-on-king-to-block-judicial-laws-64167/។
- គេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ(អូឌីស៊ី) [ច្បាប់ និងប្រព័ន្ធតុលាការ] ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ https://opendevelopmentcambodia.net/km/topics/law-and-judiciary/។
- សមាគមមេធាវីអន្តរជាតិ (ឆ្នាំ២០១៥). “យុត្តិធម៌ ទល់នឹង អំពើពុករលួយ៖ ការប្រឈមទៅនឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា.” ចូលអាននៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៥www.ibanet.org/Article/Detail.aspx?ArticleUid=fb11e885-5f1d-4c03-9c55-86ff42157ae1។
- អ៊ែប៊ី ស៊ីហ្វ. “កម្ពុជា៖ អំពើពុករលួយក្នុងប្រព័ន្ធតុលាការ ជាជម្ងឺរ៉ាំរ៉ៃ.” ចូលអាននៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៥. www.ibanet.org/Article/Detail.aspx?ArticleUid=63af01f5-7bf3-4433-8edb-bbeb512395d7។
- គម្រោងយុត្តិធម៌ពិភពលោក. “សន្ទស្សន៍នីតិរដ្ឋ ឆ្នាំ២០១៥៖ ប្រទេ សកម្ពុជា.” ចូលអាននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥. http://data.worldjusticeproject.org/#/groups/KHM។
- ប៉ិច សុធារី និង សារ៉ា ថាហ្គាម. “ចំនួនអ្នកជាប់ពន្ធនាគារកើនឡើង នៅចំពេលចង្អៀតណែនតាន់តាប់” ភ្នំពេញប៉ុស្តិ៍. ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥. www.phnompenhpost.com/amid-overcrowding-prison-numbers-rise។
- “អគ្គនាយកដ្ឋានពន្ធនាគារ.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ http://prison.interior.gov.kh/en/about-prisons/statistics-of-detainees.។ កត់សម្គាល់ថា នៅពេលបោះពុម្ពផ្សាយ ចំនួនទណ្ឌិតសរុប ដែលរាយការណ៍នៅលើគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធនាគារ មិនមានភាពស៊ីគ្នាឱ្យបានត្រឹមត្រូវទៅនឹងចំនួនទណ្ឌិតជាក់លាក់ទេ។
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា. “រដ្ឋមន្រ្តីអនុញ្ញាតឱ្យអង្គការយូណេស្កូចូលជួប និងពិភាក្សាការងារ.” ចូលអាននៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០១៥ [ភាសាខ្មែរ] www.mosvy.gov.kh/news/view/777 ។
ច្បាប់ និង ប្រព័ន្ធតុលាការ (Legal and Judicial System)
Reviewed by Collective Information
on
8:30 PM
Rating:
No comments: