តើរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ជាប្រភេទរដ្ឋធម្មនុញ្ញ តឹង ឬ ធូរ? ( Does the Constitution of 1993 is a Strict or Relieved Constitutional?)




រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេសនីមួយៗ ដោយគ្មានច្បាប់ដទៃ ប្រាសចាកឬ ផ្ទុយពីច្បាប់រដ្ឋធម្ម នុញ្ញទ្បើយ។ ប្រទេសកម្ពុជា ជាប្រទេសដែលមានស្តេចសោយរាជ្យតែព្រះអង្គគោរពរដ្ឋធម្មនុញ្ញ ដែលថាព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសន្ធិឡើង តាំងពីឆ្នាំ១៩៤៧ សម័យដែលបារាំង ដាក់អាណានិគមមកម្ល៉េះ។ រហូតបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឆ្លងកាត់នូវរបបជាច្រើន និងបានធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ជាច្រើនលើកច្រើនសារណាស់មកហើយដោយប្តូរពីរបបមួយ ទៅរបបមួយរហូតបច្ចុប្បន្ន គឺ ព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលគួរលើក យកមកសិក្សាស្វែងយល់នៅពេលនេះ គឺ រដ្ឋធម្មនុញ្ញ ក្នុងអំឡុងឆ្នាំ១៩៩៣នោះឯង ក៏ប៉ុន្តែគួរតែសិក្សាស្វែងយល់ អំពីដំណើរដើមទង ដែលបានជាប់តគ្នាមករហូតដល់ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។


រដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីបដិសន្ធិឡើងមក បានឆ្លងកាត់ រដ្ឋធម្មនុញ្ញចំនួន ៦ លើករួចមកហើយគឺៈ

១. រដ្ឋធម្មនុញ្ញ ប្រទេសកម្ពុជា (១៩៤៧ ១៩៧០)
២. រដ្ឋធម្មនុញ្ញ សាធារណខ្មែរ (១៩៧០ ១៩៧៥)
៣. រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩)
៤. រដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ ១៩៨៩)
៥. រដ្ឋធម្មនុញ្ញ រដ្ឋកម្ពុជា (១៩៨៩ ១៩៩៣)
៦. រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា (១៩៩៣ បច្ចុប្បន្ន)

១. រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា (១៩៤៧ ១៩៧០)

រដ្ឋធម្មនុញ្ញនេះ បែងចែកជា ១២ ជំពូក និង មាន ១២២ មាត្រា។ ជំពូកទី១ ចែងអំពីធម្មជាតិ និង សណ្ឋានដីរបស់រដ្ឋ ជំពូកទី២ ចែងអំពី សេរីភាព សិទ្ធិ និង ករណីយកិច្ចរបស់ខេមរជន ជំពូកទី៣ ចែងអំពី ច្បាប់និងអំណាច ជំពូកទី៤ ចែងអំពី ព្រះមហាក្សត្រ ជំពូកទី៥ ចែងអំពី រដ្ឋសភា ជំពូកទី៦ ចែងអំពី ក្រុមប្រឹក្សាព្រះរាជាណាចក្រកម្ពុជា ជំពូកទី៧ ចែងអំពី សភាប្រជារាស្រ្ត ប្រចាំខេត្ត និង រាជធានី ជំពូកទី៨ ចែងអំពី សមាជជាតិ ជំពូកទី៩ ចែងអំពីរដ្ឋមន្រ្តី ជំពូកទី១០ ចែងអំពី អំណាចតុលាការ ជំពូកទី១១ ចែងអំពីបញ្ញត្តិទូទៅ និង ជំពូកទី១២ ចែងអំពីបទបញ្ញត្តិពិសេស។


២. រដ្ឋធម្មនុញ្ញសាធារណរដ្ឋកម្ពុជា (១៩៧០ ១៩៧៥)


ក្នុងរបបនេះ រដ្ឋធម្មនុញ្ញបានបែងចែកជា ១១ជំពូក មានមាត្រា១២១ និង មានមាត្រាអវសានដែលដាក់ជាធរមាននៃរដ្ឋធម្មនុញ្ញ។ ជំពូកទី១ ចែងអំពីបញ្ញត្តិជាគ្រឹះ ជំពូកទី២ ចែងអំពី សិទ្ធិនិងករណីយកិច្ចនៃពលរដ្ឋ ជំពូកទី៣ ចែងអំពីប្រធានាធិបតីនៃសាធារណរដ្ឋ ជំពូក ទី៤ ចែងអំពី រដ្ឋាភិបាល ជំពូកទី៥ ចែងអំពី សហសភា ជំពូកទី៦ ចែងអំពី ការទាក់ទងរវាងសហសភា និងរដ្ឋាភិបាល ជំពូកទី៧ ចែងអំពីអំណាចតុលាការ ១.ក្រុមចៅក្រម ២.តុលាការ កំពូល ៣.ឧត្តមក្រុមប្រឹក្សាតុលាការ ជំពូកទី៨ ចែងអំពី ស្ថាប័នដទៃទៀត នៃសាធារណរដ្ឋ ជំពូកទី៩ ចែងអំពី សមូហភាពដែនដី ជំពូកទី១០ ចែងអំពី ការពិនិត្យនិងវិសោធនកម្ម ជំពូកទី១១ ចែងអំពីអន្តរប្បញ្ញត្តិ។


៣. រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ១៩៧៩)

របបនេះរដ្ឋធម្មនុញ្ញ មាន ១៦ជំពូក និងមាន ២១ មាត្រា។ ជំពូកទី១ ចែងអំពី របបរដ្ឋ ជំពូកទី២ ចែងអពីរបបសេដ្ឋកិច្ច ជំពូកទី៣ ចែងអំពី របបវប្បធម៌ ជំពូកទី៤ ចែងអំពីរបបដឹក នាំនិងធ្វើការងារ ជំពូកទី៥ ចែងអំពី អំណាចធ្វើច្បាប់ ជំពូកទី៦ ចែងអំពី អង្គការអនុវត្តច្បាប់ ជំពូកទី៧ ចែងអំពី តុលាការ ជំពូកទី៨ ចែងអំពី គណៈប្រធាន ជំពូកទី៩ ចែងអពី សិទ្ធិ និងករណីយកិច្ច របស់ប្រជាជនកម្ពុជាម្នាក់ៗ ជំពូកទី១០ ចែងអំពី រដ្ឋធានី ជំពូកទី១១ ចែងអំពីទង់ជាតិ ជំពូកទី១២ ចែងអំពីសញ្ញាជាតិ ជំពូកទី១៣ ចែងអំពីភ្លេងជាតិ ជំពូកទី១៤ ចែងអំពី កងទ័ពបដិវត្តកម្ពុជា ជំពូកទី១៥ ចែងអំពី សិទ្ធិខាងជំនឿ និង សាសនា ជំពូកទី១៦ ចែងអំពីនយោបាយក្រៅប្រទេស។



៤. រដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ ១៩៨៩)

របបនេះរដ្ឋធម្មនុញ្ញ បែងចែកជា ១០ ជំពូក និងមាន ៩៣ មាត្រា។ ជំពូកទី១ ចែងអំពីរបបនយោបាយ ជំពូកទី២ ចែងអំពី របបសេដ្ឋកិច្ច និងគោលនយោបាយ វប្បធម៌ សង្គមកិច្ច ជំពូកទី៣ ចែងអំពី សិទ្ធិ និង ករណីយកិច្ច របស់ប្រជាពលរដ្ឋ ជំពូកទី៤ ចែងអំពី រដ្ឋសភា ជំពូកទី៥ ចែងអំពី ក្រុមប្រឹក្សារដ្ឋ ជំពូកទី៦ ចែងអំពី ក្រុមប្រឹក្សារដ្ឋមន្រ្តី ជំពូកទី៧ ចែងអំពីគណៈកម្មាធិការ ប្រជាជនបដិវត្តមូលដ្ឋាន ជំពូកទី៨ ចែងអំពី សាលាជម្រះក្តី និង អយ្យការ ជំពូកទី៩ ចែងអំពី សញ្ញាជាតិ ទង់ជាតិ ភ្លេងជាតិ និង រដ្ឋធានី ជំពូកទី១០ ចែងអំពី អានុភាពនៃរដ្ឋធម្មនុញ្ញ និង ការកែប្រែរដ្ឋធម្មនុញ្ញ។



៥. រដ្ឋធម្មនុញ្ញ រដ្ឋកម្ពុជា (១៩៨៩ ១៩៩៣)


របបនេះ និង របបសាធារណរដ្ឋប្រជាមានិតកម្ពុជា មានដូចគ្នា គ្រប់ជំពូក គ្រប់មាត្រា ដោយគ្រាន់តែប្តូរឈ្មោះពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញតែប៉ុណ្ណោះ។

៦. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា 

ក. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣)

ក្នុងរដ្ឋធម្មនុញ្ញនេះ បែងចែកជា ១៤ ជំពូក ១៣៩ មាត្រា។ ជំពូកទី១ ចែងអំពី អធិបតេយ្យ ជំពូកទី២ ចែងអំពី ព្រះមហាក្សត្រ ជំពូកទី៣ ចែងអំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ជំពូកទី៤ ចែងអំពី របបនយោបាយ ជំពូកទី៥ ចែងអំពី សេដ្ឋកិច្ច ជំពូកទី៦ ចែងអំពី អប់រំវប្បធម៌ និង សង្គមកិច្ច ជំពូកទី៧ ចែងអំពី រដ្ឋសភា ជំពូកទី៨ ចែងអំពី រាជរដ្ឋាភិបាល ជំពូកទី៩ ចែងអំពី អំណាចតុលាការ ជំពូកទី១០ ចែងអំពី ក្រុមប្រឹក្សាធម្មនុញ្ញ ជំពូកទី១១ ចែងអំពី ការគ្រប់គ្រងរដ្ឋបាល ជំពូកទី១២ ចែងអំពី សមាជជាតិ ជំពូកទី១៣ ចែងអំពី អានុភាព ការសើរើ និង វិសោធនកម្មរដ្ឋធម្មនុញ្ញ ជំពូកទី១៤ ចែងអំពី អន្តរប្បញ្ញត្តិ។


ខ. រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣ បច្ចុប្បន្ន)

រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជានេះ ចាប់ពីឆ្នាំ១៩៩៣ មករហូតដល់បច្ចុប្បន្ន បានធ្វើវិសោធនកម្មចំនួន ៦ លើករួចមកហើយ។ រដ្ឋធម្មនុញ្ញនេះ បានបែងចែកជា ១៧ ជំពូក និងមាន ១៦០ មាត្រា។ ជំពូកទី១ ចែងអំពី អធិបតេយ្យ ជំពូកទី២ ចែងអំពី ព្រះមហាក្សត្រ ជំពូកទី៣ចែងអំពី សិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ជំពូកទី៤ ចែងអំពី របបនយោបាយ ជំពូកទី៥ ចែងអំពី សេដ្ឋកិច្ច ជំពូកទី៦ ចែងអំពី អប់រំ វប្បធម៌ និង សង្គមកិច្ច ជំពូកទី៧ ចែងអំពី រដ្ឋសភា ជំពូកទី៨ ចែងអំពី ព្រឹទ្ធសភា ជំពូកទី៩ ចែងអំពី សមាជរដ្ឋសភានិងព្រឹទ្ធសភា ជំពូកទី១០ ចែងអំពី រាជរដ្ឋាភិបាល ជំពូកទី១១ ចែងអំពី អំណាចតុលាការ ជំពូកទី១២ ចែងអំពី ក្រុមប្រឹក្សាធម្មនុញ្ញ ជំពូកទី១៣ ចែងអំពី ការគ្រប់គ្រងរដ្ឋបាល ជំពូកទី១៤ ចែងអំពីសមាជជាតិ ជំពូកទី១៥ អំពីអង្គការរៀបចំការបោះឆ្នោត ជំពូកទី១៦ ចែងអំពី អានុភាពការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ ជំពូកទី១៧ ចែងអំពី អន្តរប្បញ្ញត្តិ។

ប្រភេទរដ្ឋធម្មនុញ្ញ

រដ្ឋធម្មនុញ្ញ បែងចែកជាពីរ គឺៈ

- រដ្ឋធម្មនុញ្ញ សរសេរ ជារដ្ឋធម្មនុញ្ញ ដែលមានទម្រង់គតិយុត្តិច្បាស់លាស់
- រដ្ឋធម្មនុញ្ញ ឥតសរសេរ ជាបណ្តុំវិធាន ដែលគ្រប់គ្រង ទំនាក់ទំនង សំខាន់ជាងគេបំផុត ក្នុងជីវិតរបស់រដ្ឋ និងសង្គម។

ក្រៅពីនេះ ទាក់ទងដល់ការកែប្រែ ឬ វិសោធនកម្ម គេបែងចែករដ្ឋធម្មនុញ្ញជា ពីរក្រុមទៀតគឺៈ

- រដ្ឋធម្មនុញ្ញ តឹង ឬ រឹង ជាប្រភេទរដ្ឋធម្មនុញ្ញ ដែលមានការពិបាកក្នុងការ ធ្វើវិសោធនកម្ម ដោយដាក់កម្រឹតខ្ពស់ នូវចំនួនភាគច្រើនធំៗ ដូចជា ២ ភាគ៣ ឬ ៣ ភាគ ៤ ព្រមទាំងមានការហាម មិនឲ្យធ្វើវិសោធនកម្ម នូវមាត្រាមួយចំនួន។
- រដ្ឋធម្មនុញ្ញ ធូរ ឬ ទន់ ជាប្រភេទរដ្ឋធម្មនុញ្ញ ដែលមានការងាយស្រួល ក្នុងការធ្វើ វិសោធនកម្ម ដូចច្បាប់ធម្មតាដោយគ្មានដាក់កម្រឹតខ្ពស់នូវចំនួនភាគច្រើនធំៗដូចរដ្ឋធម្មនុញ្ញតឹងទេ។



.១. រដ្ឋធម្មនុញ្ញ តឹង ឬ រឹង

 
ក្នុងការសិក្សាស្វែងយល់ អំពីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឃើញថាគ្រប់មាត្រា ទាំងឡាយ ចាប់ពីជំពូកទី១ មកមាត្រា១ រហូតដល់មាត្រា១៣៩នោះ មានតែមាត្រា១៣២-១៣៣និង មាត្រា១៣៤ ប៉ុណ្ណោះ គឺជាប្រភេទរដ្ឋធម្មនុញ្ញ តឹង។ ព្រោះមាត្រា ១៣២ ចែងថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើន ពីរភាគបីនៃចំនួនសមាជិក រដ្ឋសភាទាំងមូល។ មាត្រា១៣៣ ចែងថា ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឲ្យធ្វើ នៅពេលប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន។ មាត្រា ១៣៤ ចែងថា ការសើរើ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបាន ឡើយ កាលបើប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និង របបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ។ [មាត្រា ១៥៣ ១៥៤ និង ១៥៥ ថ្មី]

ដូចបានឃើញនេះ មាត្រា ១៣២ ឆ្នាំ១៩៩៣ ទាមទារឲ្យមានសមាជិកសភា ២ ភាគ ៣ គឺចាប់ពី សមាជិកសភា ៨២ រូប ឡើងទៅ ទើបអាចធ្វើវិសោធនកម្មទៅបាន ហើយការធ្វើវិសោធនកម្ម នោះទៀតសោតទាមទារឲ្យមានច្បាប់ធម្មនុញ្ញមួយទៀត ទើបធ្វើទៅបាន។ ម្យ៉ាងទៀត វិសោធនកម្ម មិនអាចធ្វើទៅបានទេ ប្រសិនបើប្រទេសស្ថិតក្នុងភាពអាសន្ន ដូចជា អសន្តិសុខ ប្រទេសមានសង្រ្គាមជាដើម។ ពិសេសបំផុតមួយទៀត ប្រសិនណាបើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលប៉ះពាល់ទៅដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនោះ ក៏មិនអាចធ្វើទៅបានដែរ។ ដូច្នេះមាត្រាទាំងបីនេះ គឺជាប្រភេទរដ្ឋធម្មនុញ្ញតឹង។ [មាត្រា ១៥៣ ១៥៤ និង ១៥៥ ថ្មី]

.២. រដ្ឋធម្មនុញ្ញ ធូរ ឬ ទន់

ដូចបានរៀបរាប់ នៅក្នុងរដ្ឋធម្មនុញ្ញ តឹងខាងលើថា គ្រប់ជំពូក គ្រប់មាត្រាទាំងអស់ នៅក្នុង រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ទាំងអស់លើកលែងតែ មាត្រា ១៣២- ១៣៣- ១៣៤ ប៉ុណ្ណោះសុទ្ធតែជា ប្រភេទរដ្ឋធម្មនុញ្ញធូរ ព្រោះមិនបានទាមទារ ដូចប្រភេទរដ្ឋធម្មនុញ្ញតឹងនោះទេ។

សេចក្តីសន្និដ្ឋាន

បើតាមការសិក្សាស្រាវជ្រាវ និង អានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញកន្លងទៅ ឃើញថា រដ្ឋធម្មនុញ្ញនេះ ជាប្រភេទរដ្ឋធម្មនុញ្ញតឹងខ្លះធូរខ្លះ។ ព្រោះបើយើងពិនិត្យឲ្យដិតដល់គ្រប់ជំពូក គ្រប់មាត្រា ទាំងឡាយឃើញថា ចាប់ពីមាត្រាមួយ ពីជំពូកទី១មក រហូតដល់ មាត្រា ១៣៩ ជំពូកទី១៤មក មាត្រាទាំងនោះ អាចធ្វើវិសោធនកម្មបាន ដោយមានការស្នើពី ព្រះម ហាក្សត្រ នាយករដ្ឋមន្រ្តី ប្រធានសភាជាដើម នោះសភាធម្មនុញ្ញអាចធ្វើវិសោធនកម្មបាន។ ប៉ុន្តែក្នុងករណីមាត្រា ១៣២- ១៣៣- ១៣៤ ក្នុងជំពូកទី១៣ នោះគឺជាប្រភេទ រដ្ឋធម្មនុញ្ញតឹង ព្រោះថាមាត្រានោះ ចែងថាការសើរើ ឬវិសោធនកម្មមិនអាចធ្វើទៅបានទេ ប្រសិនបើប្រទេសស្ថិតក្នុងភាពអាសន្ន ដូចជាអសន្តិសុខ ប្រទេសមានសង្រ្គាមជាដើម។ មួយទៀតបើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលប៉ះពាល់ទៅដល់ ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ត្រង់មត្រា១ ជំពូកទី១ នោះឯង។

ដូច្នេះយើងអាចសន្និដ្ឋានបានថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាប្រភេទរដ្ឋធម្មនុញ្ញធូរខ្លះតឹងខ្លះ។ ធូរត្រង់មាត្រាជាច្រើន ឯតឹងគឺមាត្រា ១៣២- ១៣៣- ១៣៤ នោះឯង។ ហើយកូនខ្មែរគ្រប់រូប គប្បីសិក្សាស្វែងយល់ អំពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានស៊ីជម្រៅគ្រប់ៗគ្នាកុំបីខាន ឲ្យសមជាកូនខ្មែរមហានគរនោះ៕


ឯកសារយោង

១. នីតិរដ្ឋធម្មនុញ្ញ សាស្ត្រាចារ្យ កែវ វ៉ាន្នី សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ២០១២
២. បទឧ្ទេសនាម របស់ឯកឧត្តម ប៉ែន ថុល សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ « ស្តីពីខ្លឹមសាររដ្ឋធម្មនុញ្ញ និង សមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ» រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី ២៣ សីហា ២០១១
៣. ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០១០ ហួត វុទ្ធី អនុបណ្ឌិត ច្បាប់ផ្នែករដ្ឋប្បវេណី១៩៩៨
៤. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣-២០០៧
តើរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ជាប្រភេទរដ្ឋធម្មនុញ្ញ តឹង ឬ ធូរ? ( Does the Constitution of 1993 is a Strict or Relieved Constitutional?) តើរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ជាប្រភេទរដ្ឋធម្មនុញ្ញ តឹង ឬ ធូរ? ( Does the Constitution of 1993 is a Strict or Relieved Constitutional?) Reviewed by Collective Information on 10:32 PM Rating: 5

No comments:

Powered by Blogger.