ប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក (Major Legal Systems in the World)


នៅសម័យអង្គរ ប្រទេសកម្ពុជាពុំទាន់មានច្បាប់ទេ អ្វីគឺអាស្រ័យលើការសម្រេចលើព្រះ​មហា ក្សត្រ។ ព្រះមហាក្សត្រគឺជាចៅក្រម ឬអាជ្ញាកណ្តាលដ៍កំពូលក្នុងការដោះស្រាវិវាទជូន​ប្រជារាស្រ្ត។ ព្រះមហាក្សត្ររៀបចំជំនួបទទួលប្រជារាស្រ្តក្នុងសវនាការ។ អ្នកចូលរួមថ្វាយយោបល់​មានឥស្សរៈជនជាន់ខ្ពស់ប្រចាំព្រះរាជវាំង ឬនៅពេលខ្លះ គឺប្រជាកសិករតូចតាច។ សម័យនោះច្បាប់​ឬបទបញ្ញាត្តិផ្សេងៗ ត្រូវបានភ្នាក់ងាររាជការ ដើរស្រែកប្រកូកប្រកាស ឬចារនៅលើផ្ទាំងសិលា ហើយដាក់តាំងផ្សព្វផ្សាយ នៅតាមច្រកចេញចូលនៅតាមទីកន្លែសក្ការៈដូចជា ប្រាសាទ ឬក្លោងទ្វារ ព្រះបរមរាជវាំងជាដើម ហើយដើម្បីរក្សានូវបទបញ្ញាត្តិទាំងនោះ ក៏មានការចារឹកនៅលើស្បែកសត្វ និងលាបនឹងខ្មុកម្សក្ស័ណ៍។ល។

ក្រោយសម័យអង្គរ ច្បាប់ទម្លាប់ត្រូវបានបង្កើតទ្បើងបន្តិចម្តងៗជាបន្តបន្ទាប់។ សិលាចារឹកបាន​បង្ហាញថា ប្រជារាស្ត្រត្រូវតែគោរពវិធានផ្សេងៗដែលបានកំណត់ ការមិនគោរពនឹងបណ្តាលឲ្យមាន​ការដាក់ទណ្ឌកម្ម ដែលធានាដោយអាជ្ញាធរសាធារណៈ។ នៅក្នុងគ្រឹស្តសករាជ្យ ៦២០ ក្នុងរាជ្ជកាលព្រះបាទជ័យជេដ្ឋា ច្បាប់ខ្មែរក៏ត្រូវបានរៀបរៀង ដែលបន្ទាប់មកមានការកែរលំអរនិងពិនិត្យទ្បើងវិញ ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤៧-១៨៦០) ។ គេសង្កេតឃើញថាច្បាប់ទាំងនោះ ត្រូវបានទទួលឥទ្ធិពល យើងខ្លាំងពីព្រះពុទ្ធសាសនា។ក្រោយមក ប្រព័ន្ធច្បាប់ខ្មែរត្រូវបានផ្លាស់ប្តូរ នៅក្រោយដែលកម្ពុជាស្ថិតនៅក្រោមអាណាព្យា​បាលបារាំង ពិសេស​នៅក្រោយឆ្នាំ១៩១០។ នៅសម័យកាលបច្ចុប្បន្ន គេអាចចាត់បញ្ចូលប្រព័ន្ធច្បាប់ចម្បងៗនៅលើពិភពលោកដូចតទៅៈ

១.​ ប្រព័ន្ធច្បាប់ស៊ីវិល

ប្រព័ន្ធច្បាប់ស៊ីវិលមានដើមកំណើតនៅអឺរ៉ុកណ្តាល បន្ទាប់មកបានផ្សព្វផ្សាយទៅក្រៅទ្វីប តាមរយះការដាក់អាណានិគម។ បណ្តាប្រទេសដែលធ្លាប់នៅក្រោមអានិគម អេស្បាញ ប៉ុទុយហ្គេ បារាំង ឬហូទ្បង់ គឺសុទ្ធតែកាន់ប្រព័ន្ធច្បាប់ស៊ីវិលទាំងអស់។ នៅអាស៊ីប្រទេសដែលមានប្រវត្តិធ្លាប់ប្រកាន់ប្រព័ន្ធច្បាប់ស៊ីវិលមានជាអាទិ៍ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ កម្ពុជាវៀតណាម ទ្បាវ។ល។ ប្រព័ន្ធច្បាប់ស៊ីវិលបានចាប់បដិសន្ធិទាំងស្រុងពី ៤៥០B.C ​មុសគ្រឹស្តសករាជ្យហើយបានរីករាលដាលពេញពិភពលោក។ បច្ចុប្បន្នរដ្ឋខ្លះនៃប្រទេសដែលប្រព័ន្ធច្បាប់ common law ដូចជាសហរដ្ឋអាមេរិកមានរដ្ឋមួយ ប្រកាន់ប្រព័ន្ធច្បាប់ស៊ីវិលគឺរដ្ឋ Louisiana និងកោះ Puerto Rico ដែលស្ថិតនៅចម្ងាយ ១៥០០គ. ពីរដ្ឋ Florida នៅប្រទេសកាណាដាក៏ជាប្រទេសកាន់ប្រព័ន្ធច្បាប់ common law ប៉ុន្តែរដ្ឋ Quebec កាន់ប្រព័ន្ធច្បាប់ស៊ីវិល។

នៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលចៅក្រមគ្មានតួនាទីបង្កើតច្បាប់ទេ គឺគ្រាន់តែជាអ្នកអនុវត្តច្បាប់ និង បកស្រាយច្បាប់ប៉ុណ្ណោះ។ ប្រព័ន្ធច្បាប់ស៊ីវិលគឺជាប្រព័ន្ធច្បាប់ដែលផ្អែកលើច្បាប់សរសេរ ឬក្រង ដែលមានមូលដ្ឋានពីច្បាប់ Roman នៅសតវត្សទី១៨ មានប្រទេសលើពិភពលោកចំនួន៦០ ដែលច្បាប់របស់គេទទួលឥទ្ធិពលពីក្រមនៃច្បាប់ Roman បច្ចុប្បន្នប្រទេសមួយចំនួនបានក្លាយជា ប្រទេសដែលកាន់ប្រព័ន្ធច្បាប់កូនកាត់ ដូចជាប្រទេស អេស្ស៊ីបដែលប្រព័ន្ធច្បាប់របស់គេបានទទួលឥទ្ធិពលពីប្រព័ន្ធច្បាប់របស់បារាំង អង់គ្លេសផង ហើយក៏ទទួលឥទ្ធិពលខ្លះពីច្បាប់ឥស្លាម។​ប្រទេសកម្ពុជាបច្ចុប្បន្ន ជាប្រទេសកាន់ប្រព័ន្ធច្បាប់ស៊ីវិល តែដោយសារកាវិវត្តន៍ខ្លួនកន្លងមក ឆ្លងកាត់នូវតំណាក់កាលលំបាក និងមនោគមវិជ្ជាខុសៗគ្នា ដូចជាសម័យមុនឆ្នាំ១៩៧៥ ក្រោយឆ្នាំ ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ និងក្រោយឆ្នាំ១៩៧៩ ដល់ ១៩៩៨ ក៏ទទួលឥទ្ធិពលខ្លះពីប្រព័ន្ធច្បាប់ផ្សេងៗ។

២. ប្រព័ន្ធច្បាប់ Common-Law

ប្រព័ន្ធច្បាប់នេះចាប់បដិសន្ធិនៅក្រោយកំណើតនៃព្រះយេស៊ូគ្រីសចំនួន ១០៦៦ឆ្នាំ (១០៦៦ AD) នៅចក្រក្រភពអង់គ្លេស ហើយដែលមានប្រភពសំខាន់ចេញពីសកម្មភាពរបស់ព្រះរាជសាលា យុត្តិធម៌។ ប្រព័ន្ធច្បាប់ common law រួមមាននីតិអង់គ្លេស និងនីតិរបស់ប្រទេសភាគច្រើន ដែលនិយាយភាសាអង់គ្លេស ជាពិសេសបណ្តាប្រទេសដែលជាសមាជិកនៃសមាគម common wealth ហើយដែលគេស្គាល់ប្រព័ន្ធច្បាប់នេះថាជាប្រព័ន្ធច្បាប់អង់គ្លេស-អាមេរិក។

របៀបដែលប្រព័ន្ធច្បាប់នេះប្រកាន់យកគឺ ការបង្កើតវិធានតាមរឿងក្តីនីមួយៗ។ តុលាការធ្វើការសិក្សាទៅលើករណីជាក់ស្តែងនីមួយៗ និងចេញសេចក្តីសម្រេចទៅតាមករណីជាក់ស្តែងនោះ ហើយត្រូវគេយកទៅអនុវត្តសម្រាប់ដោះស្រាយរឿងក្តីក្រោយៗទៀត បង្កើតបានជាយុទ្ធសាស្រ្ត សម្រាប់កាត់ក្តីក្រោយៗទៀត។ នៅក្នុងប្រព័ន្ធច្បាប់ common law គេទទួលស្គាល់ថា ចៅក្រមមិនគ្រាន់ តែជាអ្នកបកស្រាយទេ តែថែមទាំងជាអ្នកបង្កើតច្បាប់ទៀត។

ប្រទេសដែលកាន់ប្រព័នច្បាប់ common law មានដូចជា អង់គ្លេស អាមេរិក អៀទ្បង់ កាណាដា អូស្ត្រាលី ញ៉ូសឺលែន និងបណ្តាប្រទេសមួយចំនួនដែលជាសមាជិកសមាគម common wealth

៣. ប្រព័ន្ធច្បាប់សង្គមនិយម

ប្រព័ន្ធច្បាប់នេះបានចាប់កំណើតបន្ទាប់ពីជ័យជំនះនៃបដិវត្តន៍ខែតុលា១៩១៧ នៅប្រទេសរូស្ស៊ី។ គឺជាបដិវត្តន៍ដើម្បីលុបបំបាត់នូវរបបកម្មសិទ្ធិឯកជន ដោយធ្វើជាតិតុនីយកម្ម និងសមូហភាព រូបនីយកម្មលើដីធ្លី រោងចក្រ សហគ្រាស និង មធ្យោបាយផលិតកម្មផ្សេងៗ។ លិទ្ធិសង្គមនិយមចាត់ទុកប្រព័ន្ធច្បាប់ទាំងអស់ដែលមានកន្លងមក ជាឧបករណ៍បំរើឲ្យរបបកម្មសិទ្ធិឯកជនដែលជារបបសក្តិភូមិមានការជិះជាន់និងកេងប្រវ័ញ្ញ។ ដើម្បីលុបបំបាត់របបនេះគេត្រូវកំទេចចោលនូវរបបកម្មសិទ្ធិឯកជន ហើយជំនួសមកវិញនូវរបបកម្មសិទ្ធិសមូហភាព និងកម្មសិទ្ធិរដ្ឋ។ នៅឆ្នាំ១៩៨៥ក្រោមការដឹកនាំរបស់លោក Gor Batchev នៅសាធារណៈសង្គមនិយមសហភាពសូវៀត (សសសស) បានចាប់ផ្តើមធ្វើកំណែទម្រង់មួយឈ្មោះ Perestroika នៅឆ្នាំ១៩៩០ ក្រោម កំណែទម្រង់នេះ បានធ្វើការកំណត់សមភាពរវាងកម្មសិទ្ធិ៣យ៉ាងគឺ កម្មសិទ្ធិឯកជន កម្មសិទ្ធិ សមូហភាព និងកម្មសិទ្ធិរដ្ឋ តាមរយះវិសោធនកម្មរដ្ឋធម្មនុញ្ញ។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ១៩៩០ សាធារណៈសង្គមនិយមសហភាពសូវៀត(សសសស) ត្រូវបាន បញ្ចប់ ហើយបណ្តាប្រទេសនៅអឺរ៉ុបប្រទេសខាងកើត និងរដ្ឋមួយចំនួនរបស់ សាធារណៈសង្គមនិយមសហភាពសូវៀត (សសសស) បានទាមទារឯករាជ្យ។ បច្ចុប្បន្នគេឃើញមាននៅសល់ប្រទេស ខ្លះដូចជាប្រទេសចិន ដែលនៅបន្តតាមលទ្ធិសង្គមនិយមរបស់ខ្លួនដែលបានចាប់ផ្តើមតាំងពីបដិវត្តន៍ ១៩៦០មក។ ចាប់ពីឆ្នាំ១៩៧៨ ប្រទេសចិនបានធ្វើការកែទម្រង់ជាបណ្តើរៗតាមគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារដើម្បីងាយស្រួលដល់វិនិយោគទុនបរទេស។ រដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៩៨២ របស់ប្រទេសចិន បានបង្ហាញពីការធ្វើសំយោគរវាងលិទ្ធិកុម្មុយនីស្ត និងបច្ចេកទេសច្បាប់ពីបស្ចឹមប្រទេស។

៤. ប្រព័ន្ធច្បាប់ឥស្លាម

គឺជាប្រព័ន្ធច្បាប់ដែលយកសាសនាជាមូលដ្ឋាន។ ប្រព័ន្ធច្បាប់នេះកំណត់ថាសង្គមដែល បរិសុទ្ធ គឺសង្គមដែលយកសាសនាជាគ្រឹះ មិនមែនសង្គមដែលយកច្បាប់ជាគ្រឺះទេ ព្រោះច្បាប់មនុស្សជាអ្នកសរសេរ ដូច្នេះមិនអាចបរិសុទ្ធដូចធម៌របស់ព្រះទ្បើយ។ គម្ពីរសាសនាដ៍ពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ីស្លាមឈ្មោះ កូរ៉ាន់ (Koran) ដែលចាត់ទុកជាប្រភពនៃច្បាប់ ហើយដែលគ្របដណ្តប់លើច្បាប់រដ្ឋប្បវេណី ច្បាប់ពាណិជ្ជកម្ម ច្បាប់រដ្ឋធម្មនុញ្ញ និងកំណត់អំពីសកម្មភាពនៃជីវិតរបស់អ្នកកាន់ សាសនានេះ។ ការបកស្រាយគម្ពីរ Koran បានទាញចេញជាច្បាប់របស់ឥស្លាម ហើយឈ្មោះថា Sharia ប្រទេសដែលប្រើប្រព័ន្ធច្បាប់ឥស្លាមគឺបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាដែលមានប្រហែល ២៥ ប្រទេស។
ប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក (Major Legal Systems in the World) ប្រព័ន្ធច្បាប់ធំៗនៅលើពិភពលោក (Major Legal Systems in the World) Reviewed by Collective Information on 1:06 AM Rating: 5

No comments:

Powered by Blogger.