ការប្រៀបធៀបប្រព័ន្ធច្បាប់ COMMON LAW & CIVIL LAW (The Comparison between Common Law and Civil Law)


សេចក្តីផ្តើម


ច្បាប់ជាបញ្ញតិ្តដែលចែងមកដោយតំរូវអោយបុគ្គលគ្រប់រូបដែលស្ថិតនៅក្រោមបង្គាប់ត្រូវតែធ្វើតាមដោយមានលក្ខណះបង្ខំ។ អ្វីទាំងអស់ដែលច្បាប់បានចែងឡើងអោយមនុស្សគ្រប់រូបអនុវត្តតាម ក៏ព្រោះដើម្បីអោយមាន ស្ថេរភាពក្នុងសង្គម ក៏ដើម្បីសង្គមមួយនេះក្លាយជាសង្គមមួយមានរបៀបរៀបរយ...។ បន្តែមកដល់សម័យ ពិភពលោកបានបែងច្បាប់ចេញជា ២ គឺ ច្បាប់ Common Law និង ច្បាប់ Civil Law។ ដោយសង្កេតឃើញថាប្រព័ន្ធច្បាប់ទាំង២នេះមានលក្ខណះខុសគ្នា ដូច្នេះសូមលើកឡើងនូវ បទបង្ហាញស្ដីពីផ្នែកតូចមួយនៃប្រព័ន្ធច្បាប់ប្រទេសដែលប្រើច្បាប់ Common Law និង Civil Law នោះគឺតួនាទីរបស់ស្ថាប័នតុលាការក្នុងប្រទេសប្រកាន់ច្បាប់ Common Law និង តួនាទីរបស់ស្ថាប័នតុលាការក្នុងប្រទេសប្រកាន់ច្បាប់ Civil Law។

. ច្បាប់ Common Law


១.១ ប្រវត្តិសង្ខេបនៃប្រព័ន្ធ Common Law


ដំបូងច្បាប់នេះបានរីកចំរើននៅចក្រភពអង់គ្លេស ហើយបានគ្របដណ្ដប់ស្ទើរតែទូទាំងពិភពលោកនាសម័យអាណានិគមដោយសារការពង្រីកអំណាចអាណានិគមរបស់អង់គ្លេសមកលើពិភពលោក។ ដោយឥឡូវនេះ ច្បាប់នេះមាននៅ សហរដ្ឋអាមេរិក, អង់គ្លេស, កាណាដា, អូស្រ្តាលី, នូវែលហ្សេឡង់, អាហ្រ្វិកខាងត្បូង, សហព័ន្ធ ម៉ាឡេស៊ី, សឹង្ហបូរី, ភីលីពីន, មីយ៉ាន់មា...។ល។ កំនើត នៃច្បាប់ Common Law នេះមានតាំងពីឆ្នាំ ១០៦៦ នៅពេលដែលពួក Norman ច្បាំងជាមួយអង់គ្លេស ក្រោយពីទទួលជ័យជំនះពួក Norman បានតែងតាំងមេដឹកនាំ របស់ខ្លួនអោយឡើងធ្វើជាស្ដេចនៃចក្រភពអង់គ្លេសរួម។ ព្រះមហាក្សត្រសម័យនោះ និងក្សត្របន្តរបានបង្កើត ការគ្រប់គ្រងប្រមូលផ្ដុំតាមជាន់ថ្នាក់ដោយមានមហាក្សត្រជាអ្នកដឹកនាំ ហើយក៏បានក្លាយជាប្រព័ន្ធតុលាការជាតិ មួយមានប្រសិទ្ធិភាពប្រមូលផ្តុំ ដែលតុលាការជាតុលាការរបស់ស្ដេច។ នៅក្នុងពេលនោះទស្សនៈនៃការបែងចែក អំណាចរវាងអង្គនីតិបញ្ញាតិ្ត អង្គនីតិប្រតិបតិ្ត និង អង្គតុលាការពុំមានទេ។ ការអនុវត្តច្បាប់គេឃើញមានយ៉ាង ទូលំទូលាយដូចជាដំណោះស្រាយជម្លោះ ច្បាប់ស្ដីពីពាណិជ្ជកម្ន ការខូចខាត បញ្ហាដីធ្លីគ្រួសារ និង វិស័យជាច្រើន ផ្សេងៗទៀតត្រូវបានពង្រីកដោយតុលាការរបស់ព្រះមហាក្សត្រ ជាជាង ស្ថាប័ននិតីបញ្ញាតិ្តដូចនេះច្បាប់មមិនបាន រៀបរៀងក្នុងសៀវភៅនោះទេ។ នៅក្នុង ស.វ ទី១២ តុលាការមូលដ្ឋាននិងចៅក្រមក្នុងតំបន់នៅតែបន្តកាន់អំណាចពី យុគសម័យមុនពួក Norman ដដែលដោយប្រតិបតិ្តតាមច្បាប់របស់ខ្លួនផ្ទាល់គឺច្បាប់ដែលមានពីមុនមក។ មហាក្សត្រ Norman បានធ្វើការបញ្ជូនចៅក្រមរបស់ខ្លួនទៅពាសពេញប្រទេសដើម្បីបើកសាវនការរឿងក្ដីនៅក្នុង តុលាការមូលដ្ឋានដោយអនុវត្តច្បាប់របស់ព្រះមហាក្សត្រ។ នៅចុង ស.វ ដោយមានការអនុវត្តយ៉ាងទៀងទាត់របស់ ខ្លួនតុលាការព្រះមហាក្សត្របានក្លាយជាស្ថាប័នមួយដែលមានអំណាចបំផុតនៅចក្រភពអង់គ្លេស។ ប្រព័ន្ធតុលាការនេះមានចៅក្រមដែលមានការហ្វឹកហ្វឺន និង វិជ្ចាជីវះយ៉ាងខ្ពស់ ហើយដែលបានធ្វើការត្រួតត្រា គ្រប់ទីកន្លែងទូទាំងប្រទេសយ៉ាងទៀងទាត់ ចៅក្រមមានទីបញ្ជាការអចិន្រ្តៃយ៍ របស់ខ្លួនគឺ តែងតាំងនៅតុលាការ របស់ព្រះមហាក្សត្រ ចៅក្រមធ្វើសច្ចាប្រណិធានចំពោះព្រះមហាក្សត្រ។ ចៅក្រមទាំងនោះបានលុបបំបាត់ តុលាការមូលដ្ឋានជាបណ្ដើរៗនាំឲ្យច្បាប់របស់តុលាការព្រះមហាក្សត្របានក្លាយជាច្បាប់ទូទៅមួយ សម្រាប់ប្រទេសអង់គ្លេស ទាំងមូលហើយឥឡូវនេះគេស្គាល់ថាជា Common Law។

.២ ស្ថាប័នតុលាការនៃប្រទេសប្រើច្បាប់ Common Law

ប្រទេសដែលប្រើច្បាប់ Common Law មានប្រព័ន្ធតុលាការមានលក្ខណះប្រមូលផ្ដុំដែលមានអនុភាពសំខាន់៣ យ៉ាង៖

ក. ប្រព័ន្ធនេះបានបង្កើតជាវណ្ណះរៀបរយនៃអ្នកច្បាប់ មានលក្ខណះឯករាជ្យហើយដែលមានកើតឡើង នៅអឺរ៉ុបផង អ្នកច្បាប់ទាំងនោះត្រូវបានសិក្សានៅសកលវិទ្យាល័យ ដែលបានហ្វឹក ហ្វឺន នៅប្រទេសកំពុង អភិវឌ្ឍ ដែលប្រើច្បាប់ Common Law ជាជាងច្បាប់ Roman ដែលមានការរីកដុះដាលជាទូទៅនៅក្នុងទ្វីបអឺរ៉ុបហើយបាន ក្លាយជាច្បាប់ Civil Law។

ខ. ដោយសារតុលាការជាប្រភពចំបងនៃច្បាប់ ច្បាប់មានការអភិវឌ្ឍ យឺតៗទៅតាមរបៀបរៀបរយជាជាង តាមរយះការប្រមូលផ្ដុំបទបញ្ញតិ្តទាំងដុល ហើយដែលចុះជាសញ្ញាសំគាល់នៃទម្លាប់របស់ច្បាប់ Civil Law។ ចៅក្រមនឹងសំរេចរឿងក្ដីដាច់ដោយឡែកនិមួយៗ នៅចំពោះមុខភាគីដោយពន្យល់ពីមាតិរបស់គេជាលាយ លក្ខណ៍អក្សរ។ មាតិទាំងនេះនឹងត្រូវបានដាក់អោយសាធារណះជនដឹងឮ ពួកអ្នកច្បាប់ទាំងឡាយ ក៏អាចដឹងពីមាតិទាំងនោះដែរ។ នៅពេលដែលមានរឿងក្ដីប្រហាក់ប្រហែលគ្នាអ្នកច្បាប់និងយោងទៅតាមសេចក្ដីសំរេចរបស់ ចៅក្រមមុនៗ។ ដូច្នេះអ្នកច្បាប់ទាំងនោះបានលើកសំអាងថាសេចក្ដីសំរេចពេលមុននឹងបង្កើតបានជាវិធានច្បាប់ ដែលនឹងត្រូវបានដាក់អោយអនុវត្តក្នុងរឿងក្ដីក្រោយៗទៀត។ ទាំងអស់នេះត្រូវបានដាក់អោយប្រើក្នុងតុលាការ ហើយលទ្ធិយុតិ្តសាស្រ្តមានការវិវត្តន៍ លទ្ធិនេះចែងថានៅពេលតុលាការបានដាក់ចុះនៅគោលការណ៍ច្បាប់ក្នុង ពេលណាមួយដែលបានអនុវត្តលើអង្គហេតុមួយច្បាស់លាស់ គោលការណ៍នោះនឹងត្រូវបានដាក់អោយអនុវត្ត ចំពោះរឿងក្ដីទាំងអស់ក្នុងវិធានច្បាប់នេះ។ គ្រឹះនៃការយល់ដឹងពីច្បាប់ Common Law គឺគំនិតជាសេចក្ដីសំរេចរបស់តុលាការបំរើមុខងារពីរគឺ៖

ទី១. សេចក្ដីសំរេចដោះស្រាយជំលោះនៅតុលាការ។
ទី២. នៅក្រោមលទ្ធិយុតិ្តសាស្រ្ត សេចក្ដីសំរេចរបស់តុលាការ ក៏មានតម្លៃយុតិ្តសាស្រ្តដែរ។ លទ្ធិនេះមានឬសគល់នៅក្នុងនយោបាយនៃច្បាប់ Common Law គឺថាគោលការណ៍នៃច្បាប់ដែលដកស្រង់ចេញ ពីសេចក្ដីសំរេចរបស់តុលាការនឹងត្រូវបានចាត់ទុកឲអនុវត្តក្នុងរឿងក្ដីប្រហាក់ប្រហែលគ្នានៅពេលអនាគត។

គ. ដោយហេតុថានៅក្នុងច្បាប់ Common Law ចៅក្រមនៅប្រទេសអង់គ្លេសបានបង្កើតអង្កការនៃច្បាប់ ដែលខ្លួនមានលក្ខណះជិតស្និទ្ធ គឺក្រមរដ្ឋប្បវេណី Roman ជាច្បាប់ដែលបានបង្កើតបានជាគ្រិះនៃប្រព័ន្ធច្បាប់ Civil Law នោះមិនត្រូវបានតុលាការ Common Law យល់ព្រមទេ។

នៅអង់គ្លេសមហាក្សត្រមិនឋិតលើច្បាប់នេះទេ ដោយសាតុលាការបានក្លាយជាកំលាំងមួយជឿនលឿន លើផ្នែកបុគ្គលប្រឆាំងទៅនឹងការរំលោភបំពានអំណាចនៃអ្នកដឹកនាំ។ រឺឯនៅសហរដ្ឋអាមេរិកតុលាការបានមើល ឃើញថា អង្គនីតិបញ្ញតិ្តនិង អង្គនីតិប្រតិបត្តិគឺដាក់ឲនៅក្រោមរដ្ឋធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញត្រូវបានបកស្រាយ ដោយតុលាការ។ តុលាការនិងប្រកាសជាមោឃះនូវច្បាប់ទាំងឡាយណាដែលមានលក្ខណះផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយមានសិទ្ធិទាសំណងនៅពេលដែលរកឃើញថាមន្រ្តីនៃអង្គនីតិប្រតិបត្តិបានរំលោភលើរដ្ឋធម្មនុញ្ញ។ គ្មានការជ្រៀតជ្រែករបស់តុលាការក្នុងការងាររដ្ឋបាលទេ អំណាចដែលចៅក្រមធ្វើដើម្បីអោយមានការ វិវត្តន៍នៃច្បាប់ Common Law ត្រូវបានគេស្វាគមន៍ និង ទទួលស្គាល់ច្រើន។

ចៅក្រមនៅក្នុងច្បាប់ Common Law ត្រូវបានគេមើលឃើញជាអ្នកដោះស្រាយបញ្ហាជាអ្នកសម្រេចរឿង ក្តីដោយឡែកៗ ហើយបង្កើតបានជាវិធានច្បាប់នៃការកាត់ក្តី។ នៅក្នុងប្រទេសប្រើច្បាប់ Common Law ចៅក្រមត្រូវ ចូលរៀននៅសាលាច្បាប់នឹងត្រូវមានជោកជ័យក្នុងអាជីពជាមេធាវី ចៅក្រមទាំងនេះត្រូវបានគេតែងតាំងក្នុងតុលាការដោយផ្អែកលើកត្តាជាច្រើន ដោយរួមទាំងភាពជោកជ័យជាអ្នកច្បាប់មានកេរ្ត៏ឈ្មោះក្នុងវិជ្ជាជីវះ ហើយនិងឥទ្ធិពលនយោបាយរបស់ខ្លួន ការតែងតាំងអោយបំពេញមុខងារជាចៅក្រមត្រូវបានឃើញថាជា សមិទិ្ធផលយ៉ាងធំធេងចៅក្រមក្នុងប្រទេសប្រើច្បាប់ Common Law ជាបុគ្គលមួយដែលមានអំណាចហើយជា បុគ្គលដែលអង្គុយលើកំពូលនៃវិជ្ជាជីវះច្បាប់ បន្ថែមពីនេះស្ថាប័នតុលាការជាសាខាដ៏មានអំណាចរបស់រដ្ឋាភិបាល។

ដូចនេះច្បាប់ Common Law ដំបូងជាច្បាប់ដែលបានរីកដុះដាលនឹងរីកចំរើននៅក្នុងដៃចៅក្រម ដែលជា ការដោះស្រាយក្នុងរឿងក្ដីជាក់ស្ដែងមួយ ហើយបង្កើតបានជាមូលដ្ឋាននៃច្បាប់ ដែលដាក់កាតព្ធកិច្ចឲចៅក្រម ក្រោយៗទៀត ដើម្បីសម្រេចរឿងក្ដីស្រដៀងគ្នាឲបានប្រហាក់ប្រហែលគ្នា។

. ច្បាប់ Civil Law


.១ ប្រវត្តិសង្ខេបនៃច្បាប់ Civil Law


តាមធម្មតាប្រព័ន្ធច្បាប់ Civil Law ត្រូវបានចម្លងចេញពីច្បាប់ Roman ប្រហែលជានៅឆ្នាំ ៥៥៣នៃគ.ស។ ព្រះចៅអធិរាជរ៉ូម៉ង់បានធ្វើការប្រមូលផ្ដុំ និងចងក្រងធាតុផ្សំនៃច្បាប់ទាំងមូលមានឈ្មោះថា Corpus Civils ឬធាតុផ្សំនៃច្បាប់ទូទៅ ហើយសព្ធថ្ងៃនេះក្លាយទៅជាច្បាប់នៅចក្រភពរ៉ូម៉ង់ហើយនៅពេលដែលអាណាចក្រនេះរាលដាលពេញអឺរ៉ុបច្បាប់នេះ បានក្លាយជាច្បាប់របស់អឺរ៉ុប។ នៅពេលដែលអាណាចក្រនេះរលំច្បាប់ Corpus ត្រូវបានបោះបង់ចោលនឹងជំនួសដោយច្បាប់ Canon នៃព្រះវិហារសាសនា។ ច្បាប់រ៉ូម៉ង់បានរស់រានឡើងវិញនា ស.វ ទី១៥ ដោយមានការធ្វើកំណែទំរង់អោយទំនើបដោយប្រទេសដែលមានការរីកចំរើននៅអឺរ៉ុប។ រដ្ឋទាំងនោះ បានធ្វើកំណែរទំរងើរដ្ឋប្បវេណីដោយមានការបន្សំរវាងច្បាប់ Corpus និងច្បាប់ Canon ។ ក្រោយមកដោយមាន កាលេចឡើងនូវច្បាប់ពាណិជ្ជកម្មហើយបារាំងជាប្រទេសមួយដែលនាំមុខគេនោះ ក្រមរដ្ឋប្បវេណីរបស់បារាំង បានក្លាយជាក្រមមួយដ៏សំខាន់របស់អឺរ៉ុប។ មុខងារ របស់រដ្ឋាភិបាលគឺទទួលស្គាល់និងធានាសិទ្ធិរបស់បុគ្គល និងរដ្ឋាភិបាលមានលក្ខណះត្រឹមត្រូវតាមច្បាប់ បើរដ្ឋាភិបាលត្រូវបានបន្តដោយអ្នកតំណាងរបស់ប្រជាជនដែលកើត ឡើងដោយការបោះឆ្នោតមានន័យថា អំណាចរបស់រដ្ឋាភិបាលកើតចេញពីការយល់ព្រមរបស់អ្នកដែលត្រូវ គ្រប់គ្រង។


.២ ស្ថាប័នតុលាការនៃប្រទេសប្រើច្បាប់ Civil Law

ក្នុងច្បាប់នេះ គឺជាវិធីមួយធានាថាស្ថាប័នតុលាការត្រូវបានដកចេញពីអំណាចធ្វើច្បាប់។ ស្ថាប័នតុលាការ គ្រាន់តែអនុវត្តច្បាប់នីតិកម្ម។ ច្បាប់ត្រូវបានតាក់តែងដោយស្ថាប័ននីតិបញ្ញាតិ្តដោយមានការរៀបចំក្រមមួយឡើង ដោយពុំមានការខ្វះចន្លោះទាល់តែសោះដូចនេះចៅក្រមមានតួនាទីត្រឹមតែអនុវត្តច្បាប់តែប៉ុន្នោះ ពុំមានសិទិ្ធ តាក់តែងច្បាប់ឡើយ ដែលជាហេតុនាំអោយច្បាប់នេះមានភាពខុសគ្នាទាំងស្រុងទៅនឹងច្បាប់ Common Law ។ ប្រទេសដែលប្រើច្បាប់ Civil Law នេះស្ថាប័នតុលាការមិនអាចលូកដៃចូលទៅធ្វើការងារនីតិបញ្ញាតិ្តបានឡើយ ប្រសិនបើតុលាការបានលូកដៃចូលក្នុងការងារនីតិបញ្ញាតិ្តនោះមានន័យថានីតិកម្មមិនស្របតាមរដ្ឋធម្មនុញ្ញ។ អំណាចនៃរដ្ឋធម្មនុញ្ញនេះត្រូវបានរៀបចំទុកសំរាប់ស្ថាប័នមួយមិនមែនរដ្ឋាភិបាលទេគឺ ក្រុមប្រឹក្សាធម្មនុញ្ញ។ ស្ថាប័នតុលាការមានតុលាការជាន់ខ្ពស់ ៣ គឺ៖

ក. តុលាការកំពូលធម្មតា មានសិទិ្ធសំរេចលើរឿងក្តីធម្មតាទាំងអស់។
ខ. តុលាការកំពូលផ្នែករដ្ឋបាល មានសិទិ្ធសំរេចចុងក្រោយលើរឿងក្តីរដ្ឋបាល។
គ. ក្រុមព្រឹក្សាធម្មនុញ្ញដែលជាអំណាចកំពូលក្នុងករណីច្បាប់មានលក្ឋណះមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ត្រូវបានលើកមកចោទជាបញ្ហា។

ស្ថាប័នតុលាការនៃប្រទេសប្រើច្បាប់ Civil Law មានលក្ខណះជាសាជីពីរដោយមានក្រុមប្រឹក្សាធម្មនុញ្ញ នៅ ម្ខាង។ ដូចនេះគេសង្កេតឃើញថាតួនាទីតុលាការរបស់ប្រទេសដែលប្រើច្បាប់ Civil Law មានការខុសគ្នា ទាំងស្រុងតួនាទីតុលាការរបស់ប្រទេសដែលប្រើច្បាប់ Common Law ព្រោះតុលាការពុំមានសិទិ្ធសំរេច។

. កាប្រៀបធៀប

ក្រោយការបកស្រាយយើងឃើញមានភាពផ្ទុយស្រលះពីគ្នារវាងប្រព័ន្ធច្បាប់ Common Law និង Civil Law។ ដែលបង្ហាញអោយឃើញថាតុលាការ Common Law មានអំណាចធ្វើសេចក្ដីសំរេចនិងអំណាចធ្វើច្បាប់ ដែលគេអោយតម្លៃទៅលើតុលាការជាធំ។ ផ្ទុយពីក្រមនៃច្បាប់ Civil Law ដែលតុលាការមាននាទីគោរពតាម ច្បាប់ និងគោរពតាមអំណាចដែលដាក់ឲអនុវត្តន៍។

ឯកសារពិគ្រោះ

ឯកសារដកស្រង់ និងកែសំរួលចេញពី មូលដ្ឋានច្បាប់ និង ស្ថាប័នច្បាប់


ការប្រៀបធៀបប្រព័ន្ធច្បាប់ COMMON LAW & CIVIL LAW (The Comparison between Common Law and Civil Law) ការប្រៀបធៀបប្រព័ន្ធច្បាប់ COMMON LAW & CIVIL LAW (The Comparison between Common Law and Civil Law) Reviewed by Collective Information on 7:26 PM Rating: 5

4 comments:

  1. កម្មវិធីនេះល្អ

    ReplyDelete
    Replies
    1. មានប្រយោជន៍ក្នុងការប្រើប្រាស់

      Delete
  2. សួស្តីបង Admin តើបងមានឯកសារទាក់ទៅនិង យុត្ថាធិកាបារាំង និង អាឡឺម៉ង់ទេ?

    ReplyDelete
  3. It’s not easy, but i believe you just have to be objective about your self and realize that occasionally when somebody is criticizing they are only giving law tutoring

    ReplyDelete

Powered by Blogger.