ភតិសន្យា និង កិច្ចសន្យាខ្ចីប្រើ (Lease and Loan for Use Agreements)


ភតិសន្យា និង ខ្ចីប្រើ គឺជាប្រភេទកិច្ចសន្យាដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។ កិច្ចសន្យា ទាំងពីរនេះត្រូវបានប្រជាពលរដ្ឋជាទូទៅយកទៅអនុវត្តប្រើនៅក្នុងជីវភាពប្រចាំថ្ងៃ​របស់​ពួកគេ។ ភតិសន្យា ឬកិច្ចសន្យាជួល ត្រូវបានគេឲ្យនិយមន័យថាជាប្រភេទកិច្ចសន្យាមួយដែលភាគី​ម្ខាងឲ្យភាគី​ម្ខាង​ទៀត​ប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយដោយយកថ្លៃ។ ដោយមានលក្ខណៈ​ស្រ​ដៀង​នឹង ភតិសន្យា​ផង​ដែរ ខ្ចីប្រើ គឺជាប្រភេទកិច្ចសន្យាមួយដែលភាគីម្ខាង ឲ្យភាគីម្ខាងទៀតប្រើប្រាស់ និង អាស្រ័យផល នូវវត្ថុណា​មួយ ដោយមិនឲ្យបង់ថ្លៃ។ ទន្ទឹមនឹងភាពស្រដៀងគ្នា ចំពោះនិយមន័យរបស់កិច្ចសន្យាទាំងពីរយ៉ាងណាមិញ​កិច្ចសន្យា​នេះ ត្រូវ​បាន​បង្កើត​​ឡើងដើម្បីបម្រើគោលបំណងផ្សេងគ្នា ហើយវាមាននូវ លក្ខណៈដូច និង លក្ខណៈខុសគ្នា​ដែល​បង្កប់​នៅក្នុង​លក្ខខណ្ឌ​ផ្សេងៗមួយចំនួន នៅក្នុងកិច្ចសន្យាទាំងពីរ ដែលនឹងត្រូវបានបង្ហាញដូចខាងក្រោម ៖

១. លក្ខណៈដូចគ្នានៃភតិសន្យា និងខ្ចីប្រើ

ភតិសន្យា និង ខ្ចីប្រើ មានលក្ខណៈដូចគ្នាមួយចំនួន ទាក់ទងទៅ​នឹងអានុភាព​ដែលបាន​ផ្តល់​ឲ្យដោយ​កិច្ច​សន្យា​​​ក្រោយពីមានការព្រមព្រៀងចុះរបស់ភាគី និងការបញ្ចប់កិច្ចសន្យា ។

ក. ភាពដូចគ្នាចំពោះអានុភាពមួយចំនួននៃកិច្ចសន្យា

អានុភាពមួយចំនួននៃកិច្ចសន្យាទាំងពីរ មានលក្ខណៈដូចគ្នាត្រង់ថា វាបានផ្តល់ករណីយកិច្ច​មួយចំនួន​ដល់​ភតិកៈ និង អ្នកខ្ចី ដូចគ្នា ហើយចំពោះការចំណាយលើសោហ៊ុយ និងការទាមទារសោហ៊ុយ ក៏មាន​លក្ខណៈ​ដូច​គ្នាដែរ ។

ករណីយកិច្ចរបស់ភតិកៈ និងអ្នកខ្ចី៖ ភតិកៈ និងអ្នកខ្ចី មានករណីយកិច្ចគ្រប់គ្រងកម្មវត្ថុ (វត្ថុជួល ឬ វត្ថុខ្ចី) ដោយប្រុងប្រយ័ត្នក្នុង​នាម​ជាអ្នក​គ្រប់គ្រង​ដោយសុចរិត ។

ការចំណាយលើសោហ៊ុយ និងការទាមទារសោហ៊ុយ៖ បើភតិកៈ ឬ អ្នកខ្ចី បានចំណាយ​សោហ៊ុយ​ដើម្បី​កែលំអកម្មវត្ថុ (វត្ថុជួល ឬ វត្ថុខ្ចី) ឬចំណាយ​ផ្សេង​ទៀត​ដើម្បី​បង្កើន​តម្លៃ ក្នុងករណី​ដែល​កម្រិត​នៃ​កំណើន​តម្លៃនោះនៅតែមាន នាពេលបញ្ចប់កិច្ចសន្យាប៉ុណ្ណោះទេ ទើប​ភតិកៈ​​ ឬ អ្នកខ្ចី អាច​ទាមទា​រ​ចំពោះ​​ភតិបតី ឬ អ្នកឲ្យខ្ចី ឲ្យសងវិញនូវប្រាក់ដែលបានចំណាយ ឬតម្លៃ​ប្រាក់​ដែល​​កើត​នោះ ដោយ​ផ្អែក​តាមការជ្រើសរើសរបស់ភតិបតី ឬ អ្នកឲ្យខ្ចីបាន ។ ប៉ុន្តែតុលាការ​អាច​អនុញ្ញាត​ដោយ​កំណត់​អំឡុង​​ពេលសមរម្យឲ្យសងវិញយោងតាមការទាមទាររបស់ភតិបតី ឬអ្នកឲ្យខ្ចីបាន​ ។

ខ. ភាពដូចគ្នាចំពោះលក្ខខណ្ឌមួយចំនួនដែលពាក់ព័ន្ធនឹងការបញ្ចប់កិច្ចសន្យា

ចំពោះការបញ្ចប់កិច្ចសន្យា ភតិសន្យា និង ខ្ចីប្រើបាន​បង្កប់​នូវ​លក្ខខណ្ឌ​ដែលពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​លក្ខណៈដូចគ្នា ដូចជាការ​បញ្ចប់​កិច្ចសន្យាដោយផុតអំឡុងពេលកំណត់ ការស្នើរសុំឲ្យរំលាយកិច្ចសន្យា ករណីយកិច្ច​ប្រគល់​វត្ថុ​របស់​ភតិកៈ ឬ អ្នកខ្ចី សិទ្ធិរុះរើរបស់ភតិកៈ ឬ អ្នកខ្ចី និងអំឡុង​ពេល​ប្រើសិទ្ធិ​ទាមទារ​សំណង​នៃការខូចខាត និង​ការ​ទាម​ទារឲ្យសងសោហ៊ុយមកវិញ ។

ការបញ្ចប់កិច្ចសន្យាដោយផុតអំឡុងពេលកំណត់៖ ភតិសន្យា និង ការខ្ចីប្រើ ដែល​មានកំណ​ត់​អំឡុង​ពេល ត្រូវបញ្ចប់ដោយការផុតកំណត់អំឡុងពេល ។

ការស្នើសុំឲ្យរំលាយកិច្ចសន្យា៖ ចំពោះភតិសន្យា និង ខ្ចីប្រើ ក្នុងករណីភាគីនីមួយៗនៃកិច្ចសន្យា មាន​​​​​បំណង​​​​ចង់រំលាយកិច្ចសន្យា គឺអាច​ធ្វើការ​ស្នើរសុំឲ្យរំលាយកិច្ចសន្យាពេលណាក៏បាន បើកិច្ច​សន្យា​​​​​​​នោះពុំបានកំណត់អំឡុងពេលទេ។ ទោះជា​យ៉ាង​ណា​ក៏ដោយ វានូវមាន​លក្ខខណ្ឌ​កំណត់​ផ្សេងៗ​​​​​​​ទៀត ពាក់ព័ន្ធនឹងកិច្ចសន្យានីមួយៗ ចំពោះចំណុច​ការស្នើរ​សុំ​រំលាយ​កិច្ចសន្យានេះ។

ករណីយកិច្ចប្រគល់វត្ថុរបស់ភតិកៈ និង អ្នកខ្ចី៖ នៅពេលភតិសន្យា ឬ ការខ្ចី​ប្រើត្រូវ​បាន​បញ្ចប់​ហើយ ភតិ​កៈ ឬ អ្នកខ្ចី មានករណីយកិច្ចធ្វើបដិទានវត្ថុជួល ឬ វត្ថុខ្ចី ប្រគល់ទៅឲ្យភតិបតី ឬ អ្នកឲ្យខ្ចី​វិញ​​ជា​បន្ទាន់។ លើកលែងតែការបាក់បែក ខូចខាតដែល​កើត​ឡើង​ដោយ​សារ​ការប្រើប្រាស់ជាធម្មតា ភតិកៈ ឬ អ្នកខ្ចីត្រូវជួសជុល​ការខូចខាត​ដែល​កើត​ឡើង​ដោយសារ​មូលហេតុ​ជា​បន្ទុក​របស់​ខ្លួនឡើង​វិញ ឬ ត្រូវ​​​​​​មានករណីយកិច្ចសងសំណងនៃការខូចខាតនោះ។

សិទ្ធិរុះរើចេញរបស់ភតិកៈ និង អ្នកខ្ចី៖ បើកិច្ចសន្យាត្រូវបានបញ្ចប់ហើយ ភតិកៈ ឬ អ្នកខ្ចីអាចរុះរើ​ចេញ​​​នូវវត្ថុដែលបានភ្ជាប់ជាមួយនឹងវត្ថុជួល ឬ វត្ថុខ្ចី នោះបាន។

អំឡុងពេលប្រើសិទ្ធិទាមទារសំណងនៃការខូចខាត និងការទាមទារឲ្យសងសោហ៊ុយមកវិញ៖ សំណង​​​​នៃការខូចខាតដែលកើតឡើងដោយសារភតិកៈ ឬ អ្នកខ្ចី ក្នុងការប្រើប្រាស់ និងអាស្រ័យ​ផល​ដែល​​ផ្ទុយ​នឹងអត្ថន័យដើមនៃកិច្ចសន្យា និង ការសងមកវិញនូវសោហ៊ុយដែលភតិកៈ ឬ អ្នកខ្ចី បាន​ចេញ ត្រូវទាមទារនៅក្នុងអំឡុងពេល១ឆ្នាំ គិតចាប់ពីពេលដែលភតិបតី ឬ អ្នកឲ្យខ្ចី បាន​ទទួល​ការ​សង​​វត្ថុ​ជួល ឬ វត្ថុ​ខ្ចី​នោះ។

២. លក្ខណៈខុសគ្នានៃភតិសន្យា និងខ្ចីប្រើ

ក. ប្រភេទកិច្ចសន្យា៖ យោងតាមនិយមន័យ៥៩៧ នៅក្នុងក្រមរដ្ឋប្បវេណី កិច្ចសន្យាភតិសន្យា គឺស្ថិត​នៅក្នុង​ប្រភេទ​កិច្ច​សន្យា​អញ្ញមញ្ញ មានន័យថានៅក្នុងកិច្ចសន្យាភាគីទាំង​សងខាង​ត្រូវមាន​កាតព្វ​កិច្ច​បំពេញ​ទៅវិញទៅមក ចំណែកឯកិច្ចសន្យា​ខ្ចីប្រើ គឺជាកិច្ចសន្យាឯកតោភាគី មានន័យថាមានតែ​ភាគី​ម្ខាង​ប៉ុណ្ណោះ​ដែលមានកាតព្វកិច្ច (អ្នកអោយ​ខ្ចី) ដែលត្រូវបំពេញ ចំពោះភាគីម្ខាងទៀត (អ្នកខ្ចី) យោងតាមមាត្រា ៦២៦ ។

ខ. ការបង់ប្រាក់៖ យោងតាមមាត្រា ៥៩៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានចែងថា “ ភតិ​សន្យា សំដៅ...... ពីវត្ថុណាមួយ ដោយយកថ្លៃ” យើងអាចសន្និដ្ឋានបានថា លក្ខណៈពិសេសនៃភតិសន្យា គឺ លុះត្រាមានការយកថ្លៃ (កិច្ចសន្យាមូលា) ។ ដោយឡែក នៅក្នុងកិច្ចសន្យាខ្ចីប្រើ បើយោងតាមមាត្រា ៦២៥ “ការខ្ចីប្រើ......នូវ​វត្ថុ​ណា​មួយ ដោយមិនអោយបង់ថ្លៃ”​ គឺមិនតម្រូវ​អោយអ្នកខ្ចី​មានកាតព្វកិច្ច​ក្នុងការ​បង់ថ្លៃ​នោះឡើយ (កិច្ចសន្យាមុធា) ។

គ. កាត្វកិច្ចរបស់គូភាគី៖ នៅអំឡុងពេលកិច្ចសន្យាមានសុពលភាព យោងតាមមាត្រា៦០២ នៃក្រមរដ្ឋប្បវេណី ក្នុងភតិសន្យា ភតិបតី ត្រូវមានករណីកិច្ចធ្វើការជួសជុលដែលចាំបាច់ សម្រាប់​ការប្រើ​ប្រាស់ និងអាស្រ័យផល នៃវត្ថុជួលនោះ។ រីឯ ក្នុងករណីកិច្ចសន្យាខ្ចីប្រើវិញ (មាត្រា ៨២៨) អ្នកអោយខ្ចី មិន​ទទួល​​បន្ទុក​ក្នុង​ការ​ចំណាយ​លើការ​ជួស​ជុល​ដែល​ចាំបាច់ សម្រាប់ការប្រើប្រាស់ និងអាស្រ័យ​ផល​ប្រចាំ​ថ្ងៃ នៃវត្ថុខ្ចីនោះឡើយ ពោលការចំណាយទាំងនោះ គឺជា​កាតព្វកិច្ចរបស់អ្នកខ្ចី ដោយសារកិច្ចសន្យានោះ មិន​យក​តម្លៃថ្នូរ។

ឃ. ការទទួលខុសត្រូវក្នុងការធានា៖ ចំពោះកិច្ចសន្យាភតិសន្យា ដោយមានការបង់ថ្លៃ នោះ​ភតិបតី ត្រូវមានទទួល​ខុស​ត្រូវ​នូវ​វិការៈ​អាថ៌កំបាំង​ដែល​កើតឡើង ចំពោះភតិកៈ ដោយអនុលោម​តាម​មាត្រា ៦០៥ ។ ដោយឡែក ដោយសារតែក្នុងកិច្ចសន្យាខ្ចីប្រើ មិន​ត​ម្រូវ​​អោយអ្នកខ្ចីបង់ថ្លៃអោយអ្នកអោយខ្ចី នោះ​ទើប​ធ្វើអោយអ្នកអោយខ្ចី ពុំទទួលខុសត្រូវ​ក្នុង​ការ​ធានា​នោះ​ឡើ​យ នូវវិការៈនៃវត្ថុដែលជា​កម្មវត្ថុ​នៃការ​ខ្ចីប្រើ ឬការខ្វះសិទ្ធិខ្លះ អនុលោមតាមមាត្រា ៦២៩។

ង. មូលហេតុនៃការបញ្ចប់កិច្ចសន្យា៖ នៅក្នុងភតិសន្យា ត្រង់មាត្រា ៦២០ បានកំណត់ថា ទោះ​បី​ជាភតិបតី ឬ ភតិកៈទទួលមរណភាពក៏ដោយ ក៏​ទំនាក់ទំនង​នៃកិច្ចសន្យានោះ នៅតែបន្ត​សុពលភាព​របស់​ខ្លួនដដែល ដែលផ្ទុយពីកិច្ចសន្យាខ្ចីប្រើ។ កិច្ច​សន្យា​ខ្ចី​ប្រើ (នៅក្នុងមាត្រា ៦៣៣) នឹងត្រូវ​បញ្ចប់​ដោយ​សារ​មរណភាពរបស់អ្នកខ្ចី។ ក្នុងគោលបំណងនេះ ចង់បង្ហាញថា ក្នុង​ការខ្ចីប្រើ អ្នកអោយ​ខ្ចីមាន​ទំនុក​ចិត្ត​ទៅ​លើអ្នកខ្ចី ទើបអោយខ្ចីប្រើដោយពុំយកតម្លៃថ្នូរ។ ហេតុនេះហើយ ទើបជាអ្នកអោយខ្ចី​ទទួលមរណភាព​ក៏​ដោយ ប្រសិនបើពុំមានល័ក្ខខ័ណ្ឌពិសេសទេ ការខ្ចីប្រើត្រូវតែបញ្ចប់។

៣. ឯកសារយោង

ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧
ភតិសន្យា និង កិច្ចសន្យាខ្ចីប្រើ (Lease and Loan for Use Agreements) ភតិសន្យា និង កិច្ចសន្យាខ្ចីប្រើ (Lease and Loan for Use Agreements) Reviewed by Collective Information on 3:23 AM Rating: 5

1 comment:

  1. សុុំចែករំលែកគំរូកិច្ចសន្យាខ្ចីប្រើផងបានទេ?​សូមអរគុណ

    ReplyDelete

Powered by Blogger.