ឧត្តមភាពនៃរដ្ឋធម្មនុញ្ញកម្ពុជា (The Supremacy of the Constitution of Cambodia)


រដ្ឋធម្មនុញ្ញ គឺជាលក្ខខណ្ឌគតិយុត្តនៃរដ្ឋ។ តាមន័យសម្ភារៈ រដ្ឋធម្មនុញ្ញគឺជាច្បាប់គ្រឺះ និងជាច្បាប់កំពូលនៃរដ្ឋដែលជាទូទៅកំណត់នូវរចនាសម្ព័ន្ធ និងមុខងារជាមូលដ្ឋាននៃរដ្ឋ​និងអង្គការ​សំខាន់ៗ​​ព្រមទាំងកំណត់នូវសិទ្ធិនិងករណីកិច្ចជាមូលដ្ឋានរបស់ពលរដ្ឋ។ ចំណែកឯន័យទម្រង់វិញ រដ្ឋធម្មនុញ្ញ គឺជាឯកសារដែលនិយាយអំពីស្ថាប័ននយោបាយ ដែលគេរៀបចំតាក់តែងឡើង និងធ្វើ​វិសោធនកម្ម​គោរពតាម​នីតិវិធីខុសពីនីតិវិធីសម្រាប់ច្បាប់ធម្មតា។ តាមន័យទាំងនេះ យើងអាចដឹង ថា​រដ្ឋធម្មនុញ្ញ ពិតជាមានឧត្តមភាព។ តើឧត្តមភាពនៃរដ្ឋធម្មនុញ្ញជាអ្វី? តើរដ្ឋធម្មនុញ្ញ​ឧត្តមភាព​​យ៉ាងណាខ្លះ?

១. កំណត់ន័យឧត្តមភាពនៃរដ្ឋធម្មនុញ្ញ

នៅក្នុងពាក្យឧត្តមភាពនៃរដ្ឋធម្មនុញ្ញយើងឃើញមានពាក្យគន្លឹះមួយសំខាន់គឺ”ឧត្តមភាព”។ អ្វីទៅជាឧត្តមភាព? ពាក្យឧត្តមភាពគឺសំដៅដល់ភាពជាធំ ភាពខ្ពង់ខ្ពស់ ប្រសើរលើសគេ។ តាម​រយៈ​ន័យនេះ យើងអាចកំណត់ន័យ “ឧត្តមភាពនៃរដ្ឋធម្មនុញ្ញ” បានថា ជាភាពដែលមាន​តម្លៃ​គតិយុត្ត​ខ្ពង់ខ្ពស់ជាងគេនៃរដ្ឋធម្មនុញ្ញ។ ក្នុងន័យនេះឧត្តមានុភាពនៃរដ្ឋធម្មនុញ្ញគឺស្ថិត​នៅទីតាំង​ទីមួយ​នៃឋានា​នុក្រម​ច្បាប់។

២. ឧត្តមភាពតម្លៃគតិយុត្តនៃរដ្ឋធម្មនុញ្ញ

ដោយយោងទៅលើឧត្តមភាពនៃតម្លៃគតិយុត្តដែលខ្ពង់ខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងច្បាប់ផ្សេងៗ លោក Hans Kelsen បាន​ចាត់ថ្នាក់ឲ្យរដ្ឋធម្មនុញ្ញស្ថិតនៅ​ថ្នាក់​កំពូល​នៃសាជីជ្រុង។ តាមរយៈការចាត់ថ្នាក់នេះយើងឃើញថា តម្លៃគតិយុត្តរបស់រដ្ឋធម្មនុញ្ញមានឧត្តមភាពខ្ពង់ខ្ពស់ ណាស់ ដែលច្បាប់ទាំងឡាយនៃរដ្ឋត្រួវតែរណប។ នេះមានន័យថា អត្ថបទច្បាប់ ឬបទបញ្ជា​ទាំងឡាយត្រូវតែគោរពទៅតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ គោលការណ៍​គតិយុត្ត​នៃច្បាប់​ ឬបទបញ្ជាទាំងឡាយរបស់រដ្ឋ មិនអាចផ្ទុយពីគោលការណ៍នៃរដ្ឋធម្មនុញ្ញបានទេ។ ករណីដែលមានការចែងផ្ទុយពីរដ្ឋធម្មនុញ្ញនោះគេនឹងចាត់ទុកអត្ថបទច្បាប់ ឬបទបញ្ជានោះ​ថា​អធម្មនុញ្ញ​ភាព ដែល​ត្រូវតែកែប្រែឬលុបចោល។ ហេតុនេះហើយដើម្បីធានាឲ្យបាននូវការគោរព​ឧត្តមភាពនៃរដ្ឋធម្មនុញ្ញ គេតម្រូវឲ្យមានការពិនិត្យធម្មនុញ្ញភាព។

រដ្ឋធម្មនុញ្ញកើតឡើងពីអង្គការចាត់តាំងពិសេសមួយខុសប្លែកពីច្បាប់ធម្មតា គឺកើតចេញ្ញពីប្រជាមតិ ឬសភាធម្មនុញ្ញ ដែលទាំងនេះកើតចេញពីការអនុវត្តអំណាច​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ឬតាមរយៈតំណាងក្នុងការបង្កើតរដ្ឋធម្មនុញ្ញឡើង។ នេះបញ្ជាក់ថា បើមានគោលការណ៍ ណាមួយនៃច្បាប់ ឬបទបញ្ជាណាមួយចែងផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះ មានន័យថាវាផ្ទុយនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ។ ការត្រួតពិនិត្យធម្មនុញ្ញភាព អាចធ្វើជាអាទិកាល ឬជាបុច្ឆាកាល។ តាមមាត្រា១៤០ និង​ ១៤១​ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុបានកំណត់ថាៈ “ច្បាប់អាចត្រូវ​បានពិនិត្យ​ធម្មនុញ្ញភាពមុន​​ និងក្រោយប្រកាសឲ្យប្រើ។ រីឯបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់រៀប​ចំអង្គការ​ទាំងឡាយត្រូវតែបញ្ជូនទៅ​ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឲ្យប្រើ”។​ នេះគឺជាមាត្រាដែលបានចែងដើម្បីការពារឧត្តមភាពនៃរដ្ឋធម្មនុញ្ញ ដែលការពារ​មិនឲ្យមានការចែង​ផ្ទុយ ឬប្រការដែលនាំឲ្យមានគ្រោះថ្នាក់ដល់ រដ្ឋធម្មនុញ្ញ។ ពិសេសចំពោះ​ច្បាប់រៀបចំអង្គការ​នានា ដែលរដ្ឋធម្មនុញ្ញត្រូវតែការពារយ៉ាងល្អិតល្អន់ ដោយការត្រួតពិនិត្យធម្មនុញ្ញភាពជាមុន។

ករណីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះផងដែរ យើងក៏ឃើញមានមាត្រាមួយចំនួន បានចែងស្តែងឲ្យឃើញពីឧត្តមភាពគតិយុត្តនៃរដ្ឋធម្មនុញ្ញដូចជាៈ 

- មាត្រា ១៥០: “រដ្ឋធម្មនុញ្ញនេះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់និងសេចក្តី​សម្រេចនានាត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត”។ មាត្រានេះសង្កត់យ៉ាងធ្ងន់ មានតែរដ្ឋធម្មនុញ្ញមួយគត់ដែលខ្ពស់ជាងគេ ហើយមិនឲ្យមាន​ការចែងផ្ទុយពីគោលការណ៍គតិយុត្តដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ពីច្បាប់ផ្សេងៗឡើយ។​

- មាត្រា ១៥៨: “ច្បាប់ និងបទដ្ឋានទាំងអស់នៅកម្ពុជាដែលធានាការពារនូវទ្រព្យសម្បតិ្ត សិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិត្រឹមត្រូវតាមច្បាប់របស់បុគ្គល ដែលសមស្របនឹង​ផលប្រយោជន៍​ជាតិត្រូវមានអានុភាពអនុវត្តតទៅទៀតរហូតដល់មានអត្ថបទថ្មីមកចែងកែប្រែឬលុបចោល លើកលែងតែបទបញ្ញត្តិណាដែលផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញ”។ មាត្រានេះបានកំណត់តម្លៃគតិយុត្តនៃច្បាប់មុនៗ ដោយមានអត្ថន័យមួយគឺ លុបចោល​រាល់ច្បាប់ មុនៗណាដែលផ្ទុយនឹងគោលការណ៍រដ្ឋធម្មនុញ្ញ និង រក្សាទុកនូវច្បាប់ដែលមិនផ្ទុយ​នឹងរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏មានឧត្តមភាពគតិយុត្តខ្ពស់ជាងសន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​អន្តរជាតិផងដែរ។ នេះស្តែងឡើងតាមមាត្រា ៥៥ ដែលចែងថាៈ “សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រិត្យភាពនៃព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល”។

៣. ឧត្តមភាពនៃនីតិវិធី

យើងឃើញថានីតិវិធីនៃការបង្កើតរដ្ឋធម្មនុញ្ញក្តី នីតិវិធីនៃការធ្វើវិសោធនកម្មក្តី រដ្ឋធម្មនុញ្ញមាន​នីតិវិធីសាំញ៉ាំ និងតឹងតែងជាងច្បាប់ធម្មតា។ នេះបង្ហាញថារដ្ឋធម្មនុញ្ញមានឧត្តមភាព​ខ្ពស់ជាង​ច្បាប់ ធម្មតា។ រដ្ឋធម្មនុញ្ញ កើតចេញពីប្រជាមតិ ឬចេញពីសភាធម្មនុញ្ញ ដែលប្រជាពលរដ្ឋប្រើអំណាចរបស់ ខ្លួនដោយផ្ទាល់ ឬតាមរយៈតំណាង។​ ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជារដ្ឋធម្មនុញ្ញរឹង ដូច្នេះ “ការសើរើត្រូវសម្រេច​ដោយ រដ្ឋសភាតាមសម្លេង២/៣នៃសមាជិករបស់ខ្លួនទាំងមូល”(មាត្រា១៥១វាក្យខណ្ឌ​ទី២)។ សម្លេង២/៣នេះជា​សម្លេងពិបាកនឹងរក ដែលវាជាសញ្ញាបញ្ជាក់ថាបញ្ញត្តិដែលមាន​ចែង​ក្នុងរដ្ឋធម្មនុញ្ញមានឧត្តមភាព ខ្ពស់ខ្ពស់មិនងាយនឹងអាចសើរើបាន។

មួយវិញទៀត នៅក្នុងមាត្រា១៥២ និង១៥៣ បានហាមមិនឲ្យមានការសើរើរដ្ឋធម្មនុញ្ញ។“ការសើរើរដ្ឋធម្មនុញ្ញមិនអាចធ្វើទៅកើតទេក្នុងករណីដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន”(មាត្រា១៥២)។ នេះគឺជាការដាក់កម្រិត​ នូវសិទ្ធិក្នុងការសើរើ ក្នុងគោលបំណងហាមមិនឲ្យ​ស្ថាប័នផ្សេងៗ បំប្លែងខ្លួនជា ស្ថាប័នផ្សេងទៀត ដើម្បីរកចំណញលើកាលៈទេសៈ​ដែលវឹកវរ​នោះ។ ការហាមឃាត់មួយទៀតគឺអ្វីដែល”ប៉ះពាល់ដល់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ”(មាត្រា១៥៣)។ ការហាមឃាត់នេះ គឺដើម្បីបង្ហាញពីការ​រក្សា​របបនយោបាយ​មួយដែលមានស្ថេរភាពសម្រាប់ការដឹកនាំរដ្ឋ។ ជារួម ភាពខុសគ្នានៃតម្លៃគតិយុត្ត និងនីតិវិធី បើប្រៀបធៀបទៅនឹងច្បាប់ដទៃ គឺជា​ឧត្តមានុភាពរបស់រដ្ឋធម្មនុញ្ញ។

៤. សេចក្តីសន្និដ្ឋាន

យោងតាមការសិក្សាខាងលើ យើងឃើញថារដ្ឋធម្មនុញ្ញមានឧត្តមភាពខ្ពង់ខ្ពស់ជាងច្បាប់ដទៃ។ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលសម្រាប់រដ្ឋនីមួយៗ ដែលនេះបានបង្ហាញឲ្យឃើញថារដ្ឋធម្មនុញ្ញត្រូវតែជាធាតុចម្បងបង្អស់ និងជាធាតុដែលបង្កើតច្បាប់ដទៃទៀតផងដែរ។ គ្រប់បទបញ្ញត្តិនៃអត្ថបទច្បាប់នៃរដ្ឋ គឺជាធាតុ​ចំណុះ​ឲ្យរដ្ឋធម្មនុញ្ញទាំងអស់ មិនអាចមានច្បាប់ដែលផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញបានទេ៕

ឯកសារយោង

ក. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។
ខ. នីតិរដ្ឋធម្មនុញ្ញ រៀបរៀងដោយ សាស្រ្តាចារ្យ សុខ យ៉ាន ឆ្នាំសិក្សា២០១១-២០១២។ 
គ​​​​​​​​​​​​. នីតិរដ្ឋធម្មនុញ្ញកម្ពុជា លោកម៉ូរីស ហ្គៃយ៉ា ១៩៩៤។
ឧត្តមភាពនៃរដ្ឋធម្មនុញ្ញកម្ពុជា (The Supremacy of the Constitution of Cambodia) ឧត្តមភាពនៃរដ្ឋធម្មនុញ្ញកម្ពុជា (The Supremacy of the Constitution of Cambodia) Reviewed by Collective Information on 6:52 AM Rating: 5

No comments:

Powered by Blogger.